ដឹងអត់ថា តើយុវវ័យបច្ចុប្បន្នក្នុងមួយថ្ងៃចាយវាយអស់ប៉ុន្មាន?

នាពេលបច្ចុប្បន្ននេះ ដោយសារតែសង្គមមានការរីកចំរើន គេសង្កេតឃើញការរស់នៅរបស់យុវវ័យភាគច្រើនមានលក្ខណៈសម្បូរបែប ដោយមានជម្រើសច្រើនក្នុងការហូបចុក ស្លៀកពាក់ និងចាយវាយផ្សេងៗ។ ថ្ងៃនេះក្រុមការងារខ្មែរណូតនឹងធ្វើការសាកសួរយុវវ័យមួយចំនួន ដើម្បីចង់ដឹងថា តើក្នុងមួយថ្ងៃពួកគាត់ចាយវាយអស់ប៉ុន្មាន? ហើយចាយវាយទៅលើអ្វីខ្លះ?

កញ្ញា ម៊ីម៊ី ជាបុគ្គលិកបំរើការងារនៅធនាគារមួយកន្លែងបានឲ្យដឹងថា ចំពោះថ្ងៃធម្មតា (ថ្ងៃចន្ទដល់ថ្ងៃសុក្រ) កញ្ញាចាយអស់ចន្លោះពី ២០,០០០រៀលទៅ៣០,០០០រៀល ចំពោះថ្ងៃឈប់សម្រាក (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) កញ្ញាអាចចាយចន្លោះពី ៤០,០០០រៀលទៅ៦០,០០០រៀល ហើយកញ្ញាបានបញ្ជាក់ផងដែរថា ភាគច្រើនកញ្ញាចំណាយទៅលើចំណីអាហារ និងការទិញរបស់បន្តិចបន្តួច។

កញ្ញា ណារ៉ែន ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យសាស្ត្រសេដ្ឋកិច្ច បានឲ្យដឹងថា ជាមធ្យមក្នុងមួយថ្ងៃកញ្ញាចំណាយអស់ ២០,០០០រៀលទៅ៣០,០០០រៀល ដោយចំណាយទៅលើការហូបចុក ហើយសម្រាប់ថ្ងៃអាទិត្យវិញពេលខ្លះកញ្ញាសឹងមិនចំណាយប្រាក់តែម្តង ដោយសារតែកញ្ញាសម្រាកនៅផ្ទះមិនសូវចេញទៅក្រៅ។

ចំណែកឯកញ្ញា ស្រីម៉ាច ជាបុគ្គលិកបំរើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង និងជាអ្នកលក់ទំនិញតាមអនឡាញបានឲ្យដឹងផងដែរថា ជាធម្មតាក្នុងមួយថ្ងៃកញ្ញាចំណាយត្រឹមតែ ១០,០០០រៀលប៉ុណ្ណោះ ព្រោះភាគច្រើនពេលថ្ងៃ និងពេលល្ងាចកញ្ញាហូបបាយនៅផ្ទះ ចំណែកឯថ្ងៃសៅរ៍-អាទិត្យវិញ កញ្ញាអាចចំណាយចន្លោះពី ២០,០០០រៀលទៅ៣០,០០០រៀល ដោយចេញក្រៅហូបអីជុំគ្នាជាមួយមិត្តភក្តិ ឬបងប្អូន។ តើអ្នកទាំងអស់គ្នាចំណាយប្រាក់ប៉ុន្មានដែរក្នុងមួយថ្ងៃ?

អត្ថបទ៖ សេម