សុខភាព July 17, 2019 Khmernote
ហ្វីលីពីនប្រកាសអាសន្ន ក្រោយប្រជាជន ស្លាប់ជិត ៥០០នាក់ ដោយសារជំងឺគ្រុនឈាម

នៅឆ្នាំ២០១៩នេះ ជំងឺ​គ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង​គួរឲ្យ​កត់សម្គាល់ មិនថាតែ​នៅ​ខ្មែរយើង ថៃ ឬ​វៀតណាម​នោះទេ។ បើនៅ​ហ្វីលីពីន​វិញ ការ​ផ្ទុះឡើង​ជំងឺនេះ កើនឡើង ៨៥% ហើយ​អាជ្ញាធរ​ បាន​ប្រកាស​អាសន្ន និង​កំពុង​តាមដាន​លើ​បញ្ហា​នេះ។

អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុនឈាម ក្រោយ​មនុស្ស ៤៥៦​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ចាប់តាំង​ពី​ដើម​ឆ្នាំ​មក។ ជំងឺ​គ្រុនឈាម បាន​កើតឡើង​ប្រមាណ ១០​ម៉ឺន​ករណី ទូទាំង​ប្រទេស​ហ្វីលីពីន កើនឡើង ៨៥% បើធៀប​នឹង​រយៈពេល​ដូចគ្នា នៅ​ឆ្នាំ​២០១៨។

ជំងឺគ្រុនឈាម បាន​រាលដាល​ខ្លាំង នៅ​ក្នុង​តំបន់​ចំនួន៤ រួមមាន តំបន់ Mimaropa តំបន់ Western Visayas តំបន់ Central Visayas និង​តំបន់ Northern Mindanao ដែល​មាន​ប្រជាជន ស្មើ​ប្រមាណ ២០% នៃ​ប្រជាជន​ហ្វីលីពីន​សរុប។ ពេលនេះ អាជ្ញាធរ​សុខាភិបាល​ហ្វីលីពីន កំពុង​ឃ្លាំមើល​ស្ថានភាព​ជំងឺ​គ្រុនឈាម ក្នុង​តំបន់​ចំនួន​៩ ដែល​កំពុង​មាន​ការ​កើនឡើង។

លោក Franciso Duque រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ហ្វីលីពីន បាន​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ជំងឺ​គ្រុនឈាម​ក្នុង​ប្រទេសនេះ កើនឡើង​ខ្លាំង រាល់ ៣-៤​ឆ្នាំ​ម្ដង ហើយ​ការកើនឡើងនៅ​ឆ្នាំនេះ ដូច​ការ​រំពឹងទុក ក្រោយ​ករណី​ជំងឺ​នេះ កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៦។

យោងតាម​អង្គការ​សុខភាព​ពិភពលោក មនុស្ស ប្រមាណ ១​លាន​នាក់ ឆ្លងមេរោគ​ជំងឺ​គ្រុនឈាម/ឆ្នាំ នៅទូទាំង​ពិភពលោក ដោយ ៥០​ម៉ឺន​នាក់ មាន​រោគសញ្ញា​ធ្ងន់ធ្ងរ់ និង​ប្រមាណ ១២.៥០០​នាក់ បាន​ស្លាប់៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ