សុខភាព July 18, 2019 Khmernote
ក្មេងពុលអាហារ មានរោគសញ្ញាម៉េច? គួរជួយដោយរបៀបណា?

ប៉ាម៉ាក់ គួរ​តែ​ប្រយ័ត្ន​​បន្តិច ពិសេស​ចំពោះ​ក្មេង​តូចៗ ព្រោះ​ងាយ​មាន​បញ្ហា​សុខភាព ទាមទារ​ការ​សង្គ្រោះ​ភ្លាមៗ ពិសេស​ពុល​អាហារ​លើ​ក្មេងៗ ឧស្សាហ៍​កើត​មាន​ណាស់ ដែល​ជា​បញ្ហា​មួយ​អាច​​ប៉ះ​ពាល់​ក្រពះ​ពោះវៀន​ក្មេង​បាន។ អត្ថបទ​នេះ “Hello គ្រូពេទ្យ” នឹង​លម្អិត​ពាក់ព័ន្ធ​អាការៈ​ពុល​អាហារ​លើ​ក្មេងៗ ក៏​ដូច​ជា​វិធី​ដោះ​ស្រាយឲ្យ​គ្នា​យើង​បាន​ដឹង។

១- អ្វី​ជា​ការ​ពុល​អាហារ​លើ​កុមារ?

អាការៈ​ពុល​អាហារ កើត​ឡើង​ពេល​អាហារ ឬ​ទឹក​មាន​ភាព​ប្រឡាក់​ប្រលូក កខ្វក់ លាយ​ឡំ​ជា​មួយ​ពពួក​មេរោគ ជាតិ​ពុល ឬ​ជាតិ​គីមី ហើយ​ត្រូវ​ក្មេង​ញ៉ាំ ឬផឹក។ ពេល​គិត​ដល់​រឿង​ពុល​អាហារ តាម​ធម្មតា​យើង នឹង​គិត​ដល់​ការ​រលាក​ក្រពះ​ពោះ​វៀន ដែល​ករណី​ខ្លះ​ជា​ការ​បង្ក​រោគ​នៅ​ពោះវៀន (ពោះ​វៀន​តូច) បង្ក​នូវ​ឲ្យ​រាក​រូស​ និង​ក្អួត​ចង្អោរ។ យ៉ាង​ណា ពេល​ខ្លះ​រោគ​សញ្ញា ឬ​បញ្ហា​ដទៃ​ទៀត ដូចជា​ចង្អោរ និង​ឈឺ​រមួល​ក្នុង​ពោះ អាច​កើត​ចេញ​ពី​ញ៉ាំ​អាហារ​កខ្វក់​ដូច​គ្នា។

២- ក្មេង​ពុល​អាហារ​មាន​រោគសញ្ញា​ម៉េច​ខ្លះ?

នៅ​ពេល​ក្មេង​មាន​បញ្ហា​ពុល​អាហារ អាច​នឹង​បង្ហាញ​អាការៈ​មួយ​ចំនួន​ដូច​ជា៖

– មាន​អារម្មណ៍​ឈឺ​ក្នុង​ពោះ
– មាន​អារម្មណ៍​ចង់​ក្អួត ចង្អោរ ឬ​ក្អួត​តែ​ម្តង
– រាក​រូស ចូល​បង្គន់​ញឹក​ញាប់
– គ្រុនក្តៅ បែក​ញើស​ច្រើន
– មាន​ឈាម​នៅ​ក្នុង​លាមក។

៣- ព្យាបាល​ក្មេង​ពុល​អាហារ​ដោយ​វិធី​ណា?

ពេទ្យ​នឹង​សួរ​អំពី​អាហារ​ក្មេង​បាន​ញ៉ាំ​មុន​នឹង​មាន​បញ្ហា​កើត​ឡើង និង​ពេល​ណា​រោគ​សញ្ញា​ចាប់​ផ្តើម។ ពេទ្យ​នឹង​ពិនិត្យ ធ្វើ​តេស្ត​មួយ​​ចំនួន ដូច​ជា​យកសំណាក​ឈាម លាមក ឬ​ទឹកនោម ផ្ញើ​ទៅ​កាន់​មន្ទីរ​ពិសោធ​ដើម្បី​ធ្វើ​ការ​វិភាគ។ ករណី​នេះ​ អាច​ជួយ​ពេទ្យ​រក​ឃើញ តើ​មេរោគ​មួយណា​កំពុង​បង្ក​ជា​ជំងឺ។

តាម​ធម្មតា ករណី​ពុល​អាហារ​កើត​ឡើង ហើយ​បាត់​ទៅ​វិញ​ដោយ​ឯកឯង ធ្វើ​ឲ្យ​ក្មេង​ក៏​បាន​គ្រាន់​បើ​ឡើង​វិញ​ដូច​គ្នា។ ថ្វី​បើ​អ៊ី​ចឹង​ក៏​ដោយ ម្តង​ម្កាល ពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ថ្នាំ​ផ្សះ ដើម្បី​ព្យាបាល​ករណី​ពុល​អាហារ​ធ្ងន់ធ្ងរ ពិសេស​បង្ក​ឡើង​ដោយ​បាក់តេរី។ បើ​ភាព​ខ្សោះ​ជាតិ​ទឹក​មាន​ភាព​ធ្ងន់​ធ្ងរ ក្មេង​អាច​នឹង​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ដោយ​ព្យួរ​សេរ៉ូម​បញ្ចូល​តាម​សរសៃ។

៤- ក្មេង​ពុល​អាហារ​ត្រូវ​ថែទាំ​យ៉ាង​ម៉េច?

បញ្ហា​ពុល​អាហារ តាម​ធម្មតា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់។ ដើម្បី​ជួយ​កូន​ឲ្យ​មាន​អារម្មណ៍​គ្រាន់​បើ ត្រូវ​ប្រាកដ​ថា​ក្មេង៖

– សម្រាក​បាន​គ្រប់​គ្រាន់។
– ផឹក​ម្តង​តិចៗ​បាន​ហើយ ប៉ុន្តែ​ញឹកញាប់ ដើម្បី​ធ្វើ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​រក្សា​ជាតិ​ទឹក។
– ចៀសវាង​ឲ្យ​កូន​ញ៉ាំ​អាហារ​រឹង និង​ផលិតផល​ពី​ទឹកដោះ​គោ រហូត​ទាល់​តែ​អាការៈ​រាករូស​លែង​មាន។
– ផឹក​ជាតិ​ទឹក ដើម្បី​ការពារ​ប្រឆាំង​បញ្ហា​ខ្សោះ​ជាតិ​ទឹក ពិសេស​សូលុយស្យុង​មាន​អេឡិចត្រូលីត្រ​ គឺ​មាន​​ប្រសិទ្ធភាព លើក​លែង​តែ​ទឹក​ដោះ​គោ និង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន។
– កុំ​ផ្តល់​ថ្នាំ​ប្រឆាំង​អាការៈ​រាករូស​ប្រើ​បាន​ដោយ​មិន​ត្រូវ​វេជ្ជ​បញ្ជា​ទៅ​ឲ្យ​កូន​ឲ្យ​សោះ ព្រោះ​ថ្នាំ​អស់​ទាំង​នេះ អាច​ធ្វើ​ឲ្យ​រោគសញ្ញា​ពុល​អាហារ​ការ​តែ​យូរ។ ពេល​អាការៈ​រាក​រូស និង​ក្អួត លែង​មាន​ទៀត​នោះ អាច​ឲ្យ​ញ៉ាំ​អាហារ​តិចៗ រសជាតិ​សាប និង​មាន​ខ្លាញ់​ទាប រយៈពេល​ប៉ុន្មាន​ថ្ងៃ​សិន ដើម្បី​បង្ការ​កុំ​ឲ្យ​ឈឺ​មិន​ស្រួល​ក្នុង​ពោះ។ បើ​រោគ​សញ្ញា​ប្រែ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​ឃើញ​សញ្ញា​ខ្សោះ​ជាតិ​ទឹក ប្រញាប់​ទូរស័ព្ទ​ទៅ​វេជ្ជបណ្ឌិត​អ្នក។

៥- បង្ការ​ក្មេង​ពុល​អាហារ​យ៉ាង​ដូច​ម្តេច?

អនុវត្ត​តាម​គំនិត​គន្លឹះ​ខាង​ក្រោម ដើម្បី​ជួយ​កាត់​បន្ថយ​ហានិភ័យ​ពុល​អាហារ​ចំពោះ​ក្មេង និង​សមាជិក​គ្រួសារ​ដទៃ​ទៀត៖

– បង្រៀន​គ្រប់​គ្នា​ក្នុង​គ្រួសារ ឲ្យ​សម្អាត​លាង​ដៃ​ឲ្យ​បាន​ម៉ត់ចត់​គ្រប់​ជ្រុង​ជ្រោយ និង​ញឹកញាប់ ពិសេស​ក្រោយ​ប្រើប្រាស់​បន្ទប់​ទឹក មុន​ពេល​ប៉ះ​ពាល់​អាហារ និង​ក្រោយ​ពេល​ប៉ះពាល់​អាហារ​ឆៅ ដោយ​សាប៊ូ និង​ទឹក​ក្តៅ​ឧណ្ហៗ និង​ដុស​ដោយ​ច្រាស​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ១៥ វិនាទី។
– សម្អាត​ឧបករណ៍​ផ្ទះ​បាយ​ទាំង​អស់ ជ្រុញ និង​ជូត​សម្អាត​កន្លែង​សម្រាប់​រៀបចំ​អាហារ ដោយ​ទឹក​ក្តៅ​មាន​ជាតិ​សាប៊ូ។
– កុំ​ឲ្យ​ទឹកដោះ​កោះ​មិន​បាន​ស្ងោរ​រំងាប់​មេរោគ​ឲ្យ​កូន​ផឹក ឬ​អាហារ​មាន​ផ្ទុក​ទឹកដោះ មិន​បាន​ស្ងោរ​រំងាប់​មេរោគ។
– លាង​បន្លែ ផ្លែ​ឈើ​ទាំង​អស់ ដែល​មិន​អាច​បក​សម្បក​បាន។
– រក្សា​អាហារ​ឆៅ ពិសេស សាច់​សត្វ​ស្លាប និង​គ្រឿង​សមុទ្រ) ឲ្យ​ឆ្ងាយ​ពី​អាហារ​ដទៃ​ទៀត រហូត​ទាល់​តែ​ចម្អិន​រួច។
– ប្រើ​អាហារ​ដែល​ឆាប់​ខូច ឬ​អាហារ​ណា​មួយ​មាន​កាលបរិច្ឆេទ​ផុត​សុពលភាព ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន។
– ចម្អិន​គ្រប់​អាហារ​ទាំងអស់​មាន​ប្រភព​ពី​សាច់​សត្វ​ឲ្យ​បាន​ឆ្អិន​ល្អ។
– ក្លា​សេ​អាហារ​សល់​ឲ្យ​បាន​រហ័ស យក​ល្អ​ទុក​នៅ​ក្នុង​ប្រអប់​មាន​គម្រប អាច​បិទ​ជិត​បាន​ណែន។
– ទុក​អាហារ​ឲ្យ​រលាយ​ទឹកកក​នៅ​ក្នុង​ទូទឹកកក នៅ​ក្នុង​ម៉ាស៊ីន​មី​ក្រូវ៉េវ ឬ​នៅ​ក្នុង​ទឹក​ត្រជាក់។ អាហារ​មិន​គួរ​ទុក​ឲ្យ​រលាយ​ទឹកកក នៅ​សីតុណ្ហភាព​បរិយាកាស​បន្ទប់​ធម្មតា​ឡើយ។
– ប្រសិន​បើ​អាហារ​ហួស​កាល​បរិច្ឆេទ ហើយ​មាន​រសជាតិ​ប្លែក​ខុស​ធម្មតា ឬ​មាន​ក្លិន​ចម្លែក ត្រូវ​បោះ​ចោល​ភ្លាម។
– បើ​មាន​ផ្ទៃ​ពោះ សូម​ចៀស​វាង​គ្រប់​សាច់ ឬ​គ្រឿង​សមុទ្រ​ឆៅ ឬ​ចម្អិន​មិន​ឆ្អិន​ល្អ គ្រឿង​សមុទ្រ​ឆ្អើរ ស៊ុត​ឆៅ និង​ផលិតផល​អាច​នឹង​មាន​ផ្ទុក​ស៊ុតឆៅ ហ្វ្រូម៉ាទន់ ទឹកដោះ​គោ និង​ទឹក​ផ្លែ​ឈើ​មិន​បាន​រំងាប់​មេរោគ សាច់​ប៉ាត់​តេ របស់​ញាំ​ឆៅ​បាន​រៀបចំ​ទុក​ជា​ស្រេច សាច់​ស្នូល​នំ​សាំងវ៉ិច និង​ហត​ដក ជាដើម។
– កុំ​ផឹក​ទឹក​ចេញ​ពី​ក្បាល​រ៉ូប៊ីណេ ឬ​អណ្តូង ដែល​មិន​បាន​សម្លាប់​មេរោគ។

បើ​នរណា​ម្នាក់​ក្នុង​គ្រួសារ កើត​ចេញ​អាការៈ​ពុល​អាហារ សូម​ប្រាប់​មន្ទីរ​សុខាភិបាល​ក្នុង​មូលដ្ឋាន​យើង ព្រោះ​មន្ត្រី​ទាំង​នោះ ប្រហែល​នឹង​អាច​កំណត់​មូលហេតុ និង​បញ្ឈប់​ការ​ផ្ទុះ​ចេញ​ជា​ជំងឺ អាច​ជះ​ឥទ្ធិពល​ដល់​អ្នក​ដទៃ​ផ្សេង​ទៀត​បាន។

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ