បច្ចេកវិទ្យា July 19, 2019 lyda
ក្រុមហ៊ុន Apple អះអាងថា iOS 13 របស់ខ្លួន នឹងធ្វើឱ្យថ្មរបស់ iPhone កាន់បានយូរជាងមុន

ក្រុមហ៊ុន Apple ប៉ាន់ប្រមាណថា ថ្មរបស់ទូរស័ព្ទ iPhone របស់អ្នកអាចនៅល្អ 80% ក្នុងរយៈពេលពីរឆ្នាំ បើប្រៀបធៀបទៅនឹងពេលដែលទិញថ្មី។ ហើយវិធីមួយក្នុងការកែលម្អសុខភាពថ្ម គឺជៀសវាងការសាកថ្មទូរស័ព្ទយូរពេក (overcharging) ពោលគឺយើងមិនគួរបន្ដសាកថ្មនៅពេលដែលវាលោតពេញ 100% ហើយនោះទេ។ បញ្ហានេះវាបានក្លាយជារឿងធម្មតាទៅហើយ! ជាពិសេសនៅពេលដែលអ្នកសាកទូរស័ព្ទចោលពេញមួយយប់ ព្រោះគ្មាននរណាម្នាក់ក្រោកមកចាំដកឌុយសាកចេញនោះទេ។

វាធ្លាប់ជាបញ្ហាដែលញាំញីអតិថិជនអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែយោងទៅតាមក្រុមហ៊ុន Apple ពួកគេនិយាយថា ពួកគេបានដោះស្រាយបញ្ហានេះតាមរយៈ iOS 13 ដែលនឹងមកដល់ឆាប់ៗនេះ។ បើនិយាយអំពីការអាប់ឌែតថ្មី អ្នកនាំពាក្យរបស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតម្លៃរាប់ពាន់លានដុល្លារនេះបាននិយាយថា៖ «នឹងមានជម្រើសថ្មីមួយដែលជួយបន្ថយល្បឿនអត្រានៃភាពចាស់របស់ថ្ម ដោយការកាត់បន្ថយពេលវេលាសាកថ្មពេញរបស់វា»។

គាត់បន្ថែមថា iPhone នឹងរៀនពីទម្លាប់សាកថ្មរាល់ថ្ងៃរបស់អ្នកប្រើប្រាស់ ដូច្នេះហើយវានឹងពន្យាពេលការសាកថ្ម នៅពេលដែលឧបករណ៍របស់អ្នកបញ្ចូលបាន 80% ដូច្នេះហើយវានឹងមិនពេញជ្រុលនោះទេ។ មានន័យថា វាសិក្សាបន្ថែមអំពីទម្លាប់សាករបស់អ្នក ដូច្នេះវាអាចផ្តល់ថាមពលឱ្យទូរស័ព្ទរបស់អ្នក តាមរបៀបដែលមានប្រសិទ្ធភាពបំផុត។ យ៉ាងណាមិញ Apple ក៏បានបន្ថែមដែរថា ការសាកថ្មយូរជ្រុលពេក (overcharge) គឺជាបញ្ហាមួយ ដែលតែងតែធ្វើឱ្យអាយុកាលរបស់ថ្មកាន់តែចាស់៕

អត្ថបទ៖ លីដា