បច្ចេកវិទ្យា July 20, 2019 Khmernote
Huawei ក្រឡាស់សំដីវិញថា Hongmeng OS មិនមែនបង្កើតមកសម្រាប់ប្រើជាមួយ smartphone ជំនួស Android នោះទេ

កាលពីពេលថ្មីៗនេះក្រុមហ៊ុនទូរគមនាគមន៍ខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Huawei បានអភិវឌ្ឍន៍នូវប្រព័ន្ធប្រតិបត្តិការណ៍ថ្មីមួយរបស់ខ្លួនគឺប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS។ គេនៅចាំបានថា Hongmeng OS ត្រូវបានអភិវឌ្ឍន៍ឡើងក្រោយពេលដែលក្រុមហ៊ុន​ Google របស់អាមេរិក បានសម្រេចហាមឃាត់មិនឲ្យទូរស័ព្ទ Huawei គ្រប់ម៉ូដែលអាចប្រើប្រាស់បាននូវប្រព័ន្ធប្រតិបត្តិការណ៍ Android។ ទិដ្ឋភាពនេះត្រូវបានគេមើលឃើញថា Huawei បានអភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការណ៍ Hongmeng OS ដើម្បីប្រើប្រាស់ជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android ​របស់ក្រុមហ៊ុន Google។​​ យ៉ាងណាក្តី ស្រាប់តែពេលនេះ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ក្រុមហ៊ុនបង្កើតប្រតិបត្តិការណ៍ Hongmeng OS ឡើងមិនមែនសម្រាប់ប្រើជំនួសប្រព័ន្ធប្រតិបត្តិការណ៍ Android នោះទេ។

បើយោងតាមលោកស្រី Catherine Chen ជាសមាជិកក្រុមប្រឹក្សាភិបាល និងជាអនុប្រធានជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានអះអាងថា ប្រតិបត្តិការណ៍ Hongmeng OS ត្រូវបានបង្កើតឡើងសម្រាប់ធ្វើអាជីវកម្ម និងសម្រាប់ភ្ជាប់ជាមួយនឹងឧបករណ៍ផ្សេងៗនៅក្នុងក្រុមហ៊ុន​តែប៉ុណ្ណោះ តែមិនមែនសម្រាប់ជំនួសប្រតិបត្តិការណ៍ Android នោះទេ។ ក្នុងន័យនេះក្រុមហ៊ុនចង់បញ្ជាក់ផងដែរថា អ្នកប្រើប្រាស់ទូរស័ព្ទ Huawei នៅតែអាចបន្តប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការណ៍ Android បានជាធម្មតា៕

អត្ថបទ៖ ភក្តី