បច្ចេកវិទ្យា July 20, 2019 Khmernote
លេចធ្លាយមួយទំហឹងពីរូបរាងរបស់ Galaxy Tab S6 ត្រៀមបង្ហាញខ្លួនឆាប់ៗខាងមុខ

មិនត្រឹមតែត្រៀមបង្ហាញកំពូលស្មាតហ្វូន Galaxy Note 10 នៅដើមខែសីហា ខាងមុននេះ ក្រុមហ៊ុន Samsung គ្រោងបង្ហាញ smartwatch និង tablet ជំនាន់ថ្មីផងដែរ។ កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយបង្ហាញពីរូបរាងយ៉ាងច្បាស់ក្រឡែតរបស់ Galaxy Tab S6 ដែលមានរូបរាងហាក់មិនសូវខុសប្លែកពីម៉ូដែលមុនប៉ុន្មាននោះទេ ប៉ុន្តែខុសប្លែកច្រើនផ្នែកកម្លាំងម៉ាស៊ីន។

អាចនិយាយបានថា Galaxy Tab S6 គឺជា tablet ដំបូងបំផុតរបស់ Samsung ដែលញាត់កម្លាំងម៉ាស៊ីនកំពូលៗ ខុសពីជំនាន់មុនៗ ដែលញាត់ត្រឹមកម្លាំងម៉ាស៊ីនធម្មតា។ Galaxy Tab S6 មានរូបរាងស្រដៀងគ្នានឹង Tab S4 និងប្រើតួខ្លួនអាលុយមីញ៉ូមខ្ចីពី Tab S5e ដោយមិនប្រើតួខ្លួនជាកញ្ចក់នោះទេ។ ចំណែកឯ S Pen វិញ Tab S6 ត្រូវបានរចនាខុសប្លែកពី Note 9 ដោយខ្នងក្រោយរបស់វាមានប្រហោងសម្រាប់ទុក S Pen ហើយប្រហោងនោះផងដែរក៏ជាកន្លែងសម្រាប់សាកថ្មឥតខ្សែសម្រាប់ S Pen ផងដែរ។

Galaxy Tab S6 លែងមានទៀតដែរនូវរន្ធដោតកាស 3.5mm ចំណែកឯបច្ចេកវិទ្យាស្កែនក្រយ៉ៅដៃនៅលើអេក្រង់វិញនោះ គេនៅមិនទាន់ដឹងច្បាស់ថា Samsung នឹងប្រើប្រាស់ឬយ៉ាងនោះទេ ប៉ុន្តែអ្វីដែលគេដឹងច្បាស់នោះ គឺ Samsung មិនខ្ចីបច្ចេកវិទ្យាស្កែនក្រយ៉ៅលើប៉ូតុងបិទ-បើកនៅចំហៀង ពី Tab S5e មកដាក់លើ Tab S6 នោះទេ។

Tab S6 នឹងរត់លើបន្ទះឈីបនាគរាជ Snapdragon 855 មាន RAM អន់បំផុតក៏ 6GB ដែរ និងមានម៉ូមេរី 128GB មានអេក្រង់ 10.5-inch Super AMOLED មានរន្ធបំពងសម្លេង AKG ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់ពីតម្លៃនោះទេ៕

 

អត្ថបទ៖ ឌី