ព័ត៌មាន July 22, 2019 Khmernote
ដើរលេងនៅម៉ាឡេស៊ីប្រយ័ត្នប្រយែងផង ព្រោះមានគេរកឃើញកាមេរ៉ាមួយគេបង្កប់នៅក្នុងបន្ទប់ទឹកស្រ្តី

ម៉ាឡេស៊ី៖ ករណីជនខិលខូចលួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ទឹក ឬបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់ស្រ្តីបានកើតមានជារឿយៗ តួយ៉ាងកាលពីពេលថ្មីៗនេះករណីដូចគ្នានេះបានកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសម៉ាឡេស៊ី ដែលធ្វើឲ្យក្រុមអ្នកធ្លាប់ទៅកន្លែងកើតហេតុនោះមាកការតក់ស្លុតជាខ្លាំង។ កាមេរ៉ាតូចមួយត្រូវបានគេរកឃើញមានអ្នកយកទៅបង្កប់ចោលនៅក្នុងបន្ទប់ទឹកនៃហាងលក់សំលៀកបំពាក់ Tealive ក្នុងក្រុង Muar ប្រទេសម៉ាឡេស៊ី ហើយហាងមួយនេះគឺជាហាងដែលទទួលបានគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវតីម៉ាឡេស៊ី។

ក្រោយផ្ទុះករណីខាងលើនេះ ម្ចាស់ហាងបានចេញមុខមកបកស្រាយថា ហាងមិនបានលួចបង្កប់កាមេរ៉ានេះទេ តែវាអាចជាស្នាដៃរបស់ជនខិលខូចណាម្នាក់ដែលបានបន្លំខ្លួនចូលមកប្រើបន្ទប់ទឹកនេះ ហើយក៏លួចបង្កប់កាមេរ៉ានេះតែម្តង។ ពេលនេះភាគីខាងម្ចាស់ហាងបានដាក់ពាក្យបណ្ដឹងទៅកាន់ប៉ូលិស ដើម្បីជួយស្វែងរកជនខិលខូច និងសន្យាមិនឲ្យមានករណីនេះកើតឡើងម្តងទៀតនោះទេ។ តាមរយៈបទពិសោធណ៍អាក្រក់នេះ សូមប្រិយមិត្តជាសុភាពនារីទាំងអស់មេត្តាប្រុងប្រយ័ត្នពេលទៅប្រើប្រាស់បន្ទប់ទឹកសាធារណៈ​ ឬផ្លាស់ប្តូរសំលៀកបំពាក់នៅហាងណាមួយ៕

អត្ថបទ៖ ភក្តី