អន្តរជាតិ July 20, 2019 lyda
ផ្ទុះរោងចក្រផលិតឧស្ម័ននៅប្រទេសចិន សម្លាប់មនុស្ស ១០នាក់, របួស ១៩នាក់ និងបាត់ខ្លួនជាច្រើនទៀត

ទូរទស្សន៍រដ្ឋចិននិយាយថា ការផ្ទុះដ៏ធំមួយនៅឯរោងចក្រឧស្ម័ននៅភាគកណ្តាលនៃខេត្តហឺណាន បានធ្វើឱ្យមនុស្សយ៉ាងតិច ១០នាក់ បានស្លាប់ និង ១៩នាក់ រងរបួសធ្ងន់ ចំណែកមនុស្ស ៥នាក់ ក៏កំពុងបាត់ខ្លួន បន្ទាប់ពីមានការផ្ទុះកាលពីថ្ងៃសុក្រនេះ។ យ៉ាងណាក៏ដោយប៉ូលីស និងអ្នកពន្លត់អគ្គីភ័យនៅតែធ្វើប្រតិបត្តិការរុករក និងសង្គ្រោះបន្ដ។ គួរឱ្យដឹងដែរថា កាលពីខែមីនាកន្លងទៅ មានមនុស្សចំនួន ៧៨នាក់ ត្រូវបានសម្លាប់ ដោយការផ្ទុះនៅរោងចក្រគីមីមួយនៅខេត្ត Jiangsu ផងដែរ។

ប្រទេសចិនបើនិយាយទៅ គឺឧស្សាហ៍ជួបប្រទះគ្រោះថ្នាក់ជាប្រចាំ បើទោះជាមានការបញ្ជាពីរដ្ឋាភិបាលកណ្តាល ដើម្បីលើកកម្ពស់សុវត្ថិភាពនៅតាមរោងចក្រ រោងចក្រថាមពល និងកន្លែងជីករ៉ែក៏ដោយ។ ក្នុងចំណោមគ្រោះថ្នាក់ដ៏អាក្រក់បំផុតរបស់ប្រទេស គឺការផ្ទុះដ៏ធំមួយកាលពី ឆ្នាំ២០១៥ នៅឃ្លាំងគីមីរបស់កំពង់ផែក្រុងធានជីន ដែលបានសម្លាប់មនុស្ស ១៧៣នាក់ ភាគច្រើនជាអ្នកពន្លត់អគ្គិភ័យ និងមន្រ្តីប៉ូលីស។ ការផ្ទុះនោះត្រូវបានគេបន្ទោសលើការសាងសង់ដោយខុសច្បាប់ និងការស្តុកទុកសម្ភារៈងាយបង្កគ្រោះថ្នាក់៕

អត្ថបទ៖ លីដា