សុខភាព July 20, 2019 Khmernote
មិនមែន​បំភ័យ​ទេ ញ៉ាំ​ឈាម​សត្វ​គ្រប់​ប្រភេទ ងាយ​ឆ្លង​រោគ​បំផុត

ឈាម​សត្វ​ដែល​ពេញ​និយម​យក​មក​ធ្វើ​​អាហារ មាន ឈាម​ជ្រូក ឈាមមាន់ ឈាមទា ជាដើម។ ឈាម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាពយើង​​ដែរ ប្រសិន​បើ​ឈាម​នោះ​មាន​ផ្ទុក​មេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ។

លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ពន្យល់ថា “ឈាម​ជា​បណ្តុំ​ផ្ទុក​មេរោគ​ជា​ច្រើន​ប្រភេទ ដូច្នេះ​ហើយ​កាល​ណា​យើង​មាន​ជំងឺ​អី​មួយ នោះ​គ្រូពេទ្យតម្រូវ​ឲ្យ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​មេរោគ​ទាំង​នោះ”។ ដូចគ្នា​នេះ​ដែរ ពេល​យើង​ញ៉ាំ​ឈាម​សត្វ​ដែល​មាន​ផ្ទុក​មេរោគ ដោយ​ចម្អិន​មិន​ឆ្អិន​ល្អ នោះ​មេរោគ​ទាំងនោះ​អាច​ឆ្លង​មក​មនុស្ស​យើង​បាន​យ៉ាង​ងាយ គួបផ្សំ​នឹង​ទីតាំង​សត្វឃាត​មិនមាន​អនាម័យ​ទៀត​នោះ ឈាម​សត្វ​ដែល​យើង​មក​ចម្អិន​ធ្វើ​អាហាររឹត​តែ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព។

មួយ​វិញ​ទៀត ក្នុង​ករណី​យើង​ញ៉ាំឈាម ឬ​ផឹកឈាម​សត្វ​ច្រើន​ពេក​​ក៏​​អាច​​ឲ្យ​​មាន​​ជំងឺ​ម្យ៉ាង​​ហៅថា Haemochromatosis ដែល​បង្ក​ទៅ​ជា​ខូច​ថ្លើម ចាល់​ជាតិ​ទឹក​ក្នុង​សួត កង្វះ​ជាតិ​ទឹក សម្ពាធ​ឈាម​ចុះ​ទាប និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក។

ទោះ​​ក្នុង​​លក្ខខណ្ឌ​ណា​​ក៏​ដោយ​​លោក​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត មិន​​លើក​​ទឹកចិត្ត​​ឲ្យ​​យើង​​ញ៉ាំ​​ពពួក​​ឈាម​​សត្វ​ និង​គ្រឿងក្នុង​​​សត្វ​​គ្រប់​​ប្រភេទ ព្រោះងាយ​​នឹង​​ឆ្លង​​នូវ​​មេរោគ​​ជា​​ច្រើន​មុ​ខ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ