ព័ត៌មាន July 22, 2019 lyda
ចាប់បានក្រុមអ្នកតវ៉ាកូរ៉េខាងត្បូង ៦នាក់ ដែលបានចូលទៅក្នុងស្ថានកុងស៊ុលរបស់ជប៉ុនដោយខុសច្បាប់

កាលពីថ្ងៃចន្ទប៉ូលីសកូរ៉េខាងត្បូងចាប់បានមនុស្ស ៦នាក់ ដោយសារពួកគេបានចូលទៅក្នុងបរិវេណស្ថានកុងស៊ុលជប៉ុន ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយខុសច្បាប់ និងបានធ្វើបាតុកម្មប្រឆាំងនឹងទីក្រុងតូក្យូនៅទីនោះ។ ហេតុការណ៍នេះបានកើតឡើងចំពេលមានចលនាប្រឆាំងនឹងជប៉ុន ដែលកំពុងកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីប្រទេសទាំងពីរត្រូវបានជាក់គាំងនៅក្នុងពាណិជ្ជកម្ម និងជម្លោះនយោបាយ។ សូម្បីតែកាលពីថ្ងៃសុក្រសប្តាហ៍មុន ក៏មានលោកតាចំណាស់ជនជាតិកូរ៉េខាងត្បូង ដែលមានអាយុ ៧៨ឆ្នាំ បានស្លាប់ បន្ទាប់ពីគាត់ធ្វើអត្តឃាត ដោយដុតខ្លួនឯងឱ្យស្លាប់នៅជិតស្ថានទូតជប៉ុនប្រចាំទីក្រុងសេអ៊ូលផងដែរ។

ក្រុមអ្នកតវ៉ាទាំង ៦នាក់ ត្រូវបានគេរាយការណ៍ថា ដំបូងឡើយពួកគេបានប្រាប់បុគ្គលិកនៅទីនោះថា ពួកគេនឹងទៅបណ្ណាល័យនៅខាងក្នុងអាគារនេះ ដូច្នេះហើយទើបបានជាពួកគេអាចចូលដល់ខាងក្នុង។ ប៉ុន្តែក្រោយមកក៏ស្រាប់តែពួកគេស្រែកពីទីធ្លារបស់ស្ថានកុងស៊ុលថា «ជប៉ុនត្រូវតែសុំទោសពួកយើង» និងកាន់បដាដែលរិះគន់ប្រឆាំងការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ជប៉ុន ក្នុងការរឹតបន្តឹងការត្រួតពិនិត្យការនាំចេញសម្ភារៈបច្ចេកវិទ្យាខ្ពស់មួយចំនួន។ យ៉ាងណាមិញគ្មានអំពើហិង្សា ឬការប៉ះទង្គិចគ្នាត្រូវបានរាយការណ៍នោះទេ។ ប៉ុន្តែប៉ូលីសបានឃុំខ្លួនមនុស្សទាំង ៦នាក់ ពីបទរំលោភច្បាប់ ដោយសារតែពួកគេត្រូវបានគេអនុញ្ញាតឱ្យចូលទៅក្នុងបណ្ណាល័យ និងមិនមែនទៅធ្វើបាតុកម្មនោះទេ។

អត្ថបទ៖ លីដា