រថយន្ត July 22, 2019 lyda
អស់ទាស់តែម្ដង! Hyundai Sonata កូនកាត់ស៊េរីថ្មី ឆ្នាំ2020 ជារថយន្តមានបច្ចេកវិទ្យាខ្ពស់ និងមានដំបូលសឡាអាចសាកថ្មបានទៀត

Hyundai Sonata កូនកាត់ស៊េរីឆ្នាំ 2020 ចេញរូបរាងហើយ ដែលវានឹងមិនត្រឹមតែជាយានយន្តដែលមានបច្ចេកវិទ្យាខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងអាចប្រើដំបូលរបស់វា ដើម្បីសាកថ្មផងដែរ។ យោងតាមក្រុមហ៊ុន Hyundai បានឱ្យដឹងថា រថយន្តកូនកាត់ស៊េរីថ្មីនេះ នឹងអាចបញ្ចូលថ្មដោយគ្រាន់តែចតរថយន្តនៅខាងក្រៅជាការស្រេច។ ពួកគេក៏បានអះអាងដែរថា ប្រសិនបើដំបូលរបស់វាប៉ះនឹងពន្លឺព្រះអាទិត្យរយៈពេល ៦ម៉ោង/ថ្ងៃ វានឹងផ្ដល់ឱ្យរថយន្តនូវកម្លាំងថ្មបានចម្ងាយ ១,៣០០គីឡូម៉ែត្រ ជារៀងរាល់ឆ្នាំ។

Hyundai Sonata ក៏បំពាក់នឹងប្រព័ន្ធ Active Shift Control (ASC) ថ្មី ដែលជាបច្ចេកវិជ្ជាបញ្ជូនកម្រិតខ្ពស់ ដើម្បីបង្កើនពេលវេលា និងប្រសិទ្ធភាពនៃការផ្លាស់ប្តូរ។ Hyundai និយាយថា៖ « ASC មិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវការបង្កើនល្បឿននៃរថយន្ត និងសេដ្ឋកិច្ចប្រេងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្ថែមភាពយូរអង្វែង ដោយកាត់បន្ថយភាពកកិតក្នុងកំឡុងពេលប្ដូរលេខ»។

Sonata Hybrid ក៏ត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ 2.0លីត្រ (Smartstream G2.0 GDi HEV) ជាមួយនឹងថាមពលអតិបរិមា 112kW ហើយវាត្រូវបានគេរួមបញ្ចូលគ្នាទៅនឹងប្រព័ន្ធប្រអប់លេខអូតូ 6វគ្គ និងម៉ូទ័រអេឡិចត្រូនិក ដែលមានសមត្ថភាពផលិតបានថាមពល 38kW ។ ទិន្នផលរួមបញ្ចូលគ្នារបស់វាគឺ 143kW ដែលទាបជាងរថយន្ត Toyota Camry Hybrid (160kW) បន្តិច។ Sonata Hybrid នឹងស៉ីប្រេងត្រឹមតែ 5.0លីត្រ ក្នុងចម្ងាយ 100គីឡូម៉ែត្រ សម្រាប់ម៉ូដែល ដែលប្រើយ៉ាន់ស្ព័រទំហំ 16អ៊ីញ ឬ 5.2លីត្រ ក្នុងចម្ងាយ 100គីឡូម៉ែត្រ សម្រាប់កំណែយ៉ាន់ស្ព័រទំហំទៅជា 17អ៉ីញ។ យ៉ាងណាមិញចំពោះតម្លៃរបស់វាគឺមិនទាន់លម្អិតនៅឡើយ និងមានវត្តមានក្នុងទីផ្សារកូរ៉េនៅខែតុលា ឆ្នាំ2019 ឆាប់ៗនេះ៕

អត្ថបទ៖ លីដា