ព័ត៌មាន July 23, 2019 lyda
ចាប់ខ្លួនមនុស្ស ៦នាក់ ដែលពាក់ព័ន្ធនឹងការវាយប្រហារ ទៅលើហ្វូងបាតុករហុងកុងកាលពីម្សិលមិញ

ប៉ូលីសហុងកុងបានចាប់ខ្លួនបុរស ៦នាក់ ដែលពាក់ព័ន្ធនឹងការវាយប្រហារលើហ្វូងមនុស្ស ខណៈពួកគេកំពុងវិលត្រលប់មកផ្ទះវិញ បន្ទាប់ពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ។ អំពើហឹង្សាបានកើតឡើងនៅជិតស្ថានីយ៍រថភ្លើងក្រោមដីមួយរបស់ទីក្រុង ផ្ដើមចេញពីក្រុមមនុស្សរាប់សិបនាក់ដែលស្លៀកពាក់អាវយឺតពណ៌ស ដោយបានវាយប្រហារទៅលើក្រុមអាវខ្មៅដែលពួកគេបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងច្បាប់បត្យាប័នដ៏ចម្រូងចម្រាស។ អ្នកសារព័ត៌មាន និងសមាជិកសភាក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេវាយប្រហារផងដែរ។

រដ្ឋាភិបាលហុងកុងបាននិយាយថា មនុស្ស ៤៥នាក់ បានរងរបួស និងមានមនុស្សម្នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ។ ប៉ូលិសនិយាយថា ពួកជនល្មើសជាបុរសទាំងនោះមានអាយុចន្លោះពី ២៤ ទៅ ៥៤ឆ្នាំ។ អ្នកដែលត្រូវចាប់ខ្លួនមួយចំនួនត្រូវបានគេនិយាយថា មានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋកម្ម ដែលមានបំណងទុកជាមុន។ យ៉ាងណាមិញអំពើហឹង្សានេះបានបង្កឱ្យមានការព្រួយបារម្ភនៅក្នុងសហគមន៍ ហើយម្ចាស់ហាងមួយចំនួនក៏បានសម្រេចចិត្តបិទអាជីវកម្មរបស់ខ្លួន ចំណែកនិយោជកខ្លះបានណែនាំអ្នកដែលរស់នៅក្នុងតំបន់នេះឱ្យនៅផ្ទះកុំចេញផ្ដេសផ្ដាស៕

អត្ថបទ៖ លីដា