រថយន្ត July 24, 2019 Khmernote
ក្រុមហ៊ុន Volvo ប្រកាសប្រមូលរថយន្តរាប់ម៉ឺនគ្រឿងចូលរោងចក្រវិញ ដោយសារមានបញ្ហាឆ្លងភ្លើងអាចឆាបឆេះ

ក្រុមហ៊ុនផលិតរថយន្ត Volvo នៅចក្រភពអង់គ្លេស បានប្រកាសប្រមូលរថយន្តប្រមាណជា ៧០,០០០ គ្រឿងយកចូលរោងចក្រវិញ ដើម្បីត្រួតពិនិត្យគ្រឿងម៉ាស៊ីនក្រោយក្រុមហ៊ុនបានរកឃើញថារថយន្តមួយចំនួននឹងមានបញ្ហាឆ្លងចរន្តភ្លើង និងអាចបង្កឲ្យមានភ្លើងឆេះទៀតផង។ រថយន្តដែលជាគោលដៅរបស់ក្រុមហ៊ុនប្រមូលត្រលប់មកវិញ ​គឺជាប្រភេទរថយន្តមានម៉ាស៊ីន ៤ ផលិតនៅក្នុងចន្លោះឆ្នាំ ២០១៤-២០១៩ និងជារថយន្តដែលកំពុងតែប្រើប្រាស់នៅក្នុងប្រទេសអង់គ្លេសប៉ុណ្ណោះ។

តាមការពិតរថយន្តរបស់ក្រុមហ៊ុន Volve មានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក តែគេបានរកឃើញថា មានតែរថយន្តដែលនាំទៅលក់នៅអង់គ្លេសប៉ុណ្ណោះដែលមានបញ្ហា ហើយរថយន្តទាំងនោះមានដូចជាម៉ាក់ S80, S60, V70, XC70, S60 Cross Country, V60, XC60, V60 Cross Country, S90, V90, V90 Cross Country, XC90, V40 និង V40 Cross Country ជាដើម។ ក្រុមហ៊ុនបានបញ្ជាក់ថា នឹងមិនគិតថ្លៃលើសេវាកម្មត្រួតពិនិត្យនេះទេ ហើយម្ចាស់រថយន្តទាំងអស់ត្រូវតែនាំយករថយន្តមកកាន់ក្រុមហ៊ុនកាន់តែឆាប់គឺកាន់តែល្អ មុនពេលវាបង្កបញ្ហាធ្ងន់ធ្ងរ៕

អត្ថបទ៖ ភក្តី