រថយន្ត July 24, 2019 lyda
Ford បង្អួតរថយន្តអគ្គិសនី F-150 ស៊េរីថ្មី អាចអូសសណ្តោងទម្ងន់បានដល់ ១លានផោន (មានវីដេអូ)

ក្រុមហ៊ុន Ford កំពុងព្យាយាមបង្ហាញដល់អ្នកគាំទ្ររថយន្តភីកអាប់របស់ខ្លួនថា រថយន្តអគ្គិសនីជំនាន់ក្រោយរបស់ពួកគេ មិនមែនត្រឹមតែជារថយន្តធម្មតាៗដូច Tesla នោះទេ។ ជាមួយនឹងការសាកល្បងគំរូនៃកម្លាំងបង្វិលជុំរបស់ម៉ូដែល F-150 ដ៏គួរឱ្យចាប់អារម្មណ៍កាលពីពេលថ្មីៗនេះ ពួកគេបានបំបែកកំណត់​ត្រាថ្មីមួយ ដោយអាចអូសកុងតឺន័រពីរជាន់ និងមានផ្ទុករថយន្តដទៃទៀតចំនួន ៤២គ្រឿង នៅពីក្នុង ដែលស្មើនឹងទម្ងន់ ១,០០០,០០០ផោន (ឬ៥០០តោន) បានយ៉ាងជោគជ័យ។

មានន័យថា Ford បានរក្សាការសន្យារបស់ខ្លួន ដោយសារតែ F-150 ស៊េរី ឆ្នាំ២០១៩ បច្ចុប្បន្ន ដែលមានបំពាក់ម៉ាស៉ីន V6 ទំហំចំណុះ ៣.៥លីត្រ អាចមានកម្លាំងអូសទាញបានតែ ១៣,២០០ផោន (ឬ ៦.៦តោន) ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយនេះគ្រាន់តែជាការបង្ហាញបច្ចេកវិទ្យាសាកល្បង (Demo) ហើយជាការពិតនៅពេលដែលវាចេញជារូបរាងពិត វាអាចនឹងមានភាពខុសគ្នាច្រើន។ ប៉ុន្តែវានៅតែអាចបង្ហាញពីភាពខ្លាំងនៃរថយន្ត ដោយសារម៉ូទ័រអគ្គិសនីរបស់វាផ្ដល់នូវកម្លាំងបង្វិលបានខ្លាំងជាងម៉ាស៉ីន ICE (internal combustion engine) ទៅទៀត។

ខណៈដែលក្រុមហ៊ុន Ford នៅមិនទាន់ប្រកាសកាលបរិច្ឆេទចេញលក់ជាក់ស្តែង សម្រាប់ម៉ូដែល F-150 ប្រភេទអគ្គិសនីរបស់ខ្លួន ក្រុមហ៊ុននេះហាក់ដូចជាកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធានាថា គំនិតផ្តួចផ្តើមរបស់ខ្លួននឹងទទួលបានជោគជ័យ។ ជាឧទាហរណ៍ក្រុមហ៊ុននេះបានសហការជាមួយក្រុមហ៊ុន Volkswagen ដែលនឹងអនុញ្ញាតឱ្យ Ford ប្រើប្រាស់ស្ថាបត្យកម្ម MEB របស់អាល្លឺម៉ង់។ Ford ក៏បានវិនិយោគផងដែរនូវទឹកប្រាក់ចំនួន ៥០០លានដុល្លារ ទៅលើក្រុមហ៊ុន Rivian ហើយពួកគេមានគម្រោងផលិតរថយន្តអេឡិចត្រូនិក និងអគ្គីសនីបំលែង ឱ្យបានរាប់ពានគ្រឿងនៅត្រឹម ឆ្នាំ២០២២ ៕

អត្ថបទ៖ លីដា