រថយន្ត July 29, 2019 lyda
ក្រុមហ៊ុន Hyundai Glovis បានបើកការិយាល័យ ទី១ ប្រចាំអាស៊ីអាគ្នេយ៍នៅក្នុងប្រទេសវៀតណាម

ទីភ្នាក់ងារសារព័ត៌មានវៀតណាមបានរាយការណ៍ថា ក្រុមហ៊ុន Hyundai Glovis Vietnam ដែលបានបើកដំណើរការកាលពីដើមសប្តាហ៍នេះនឹងក្លាយជាក្បាលស្ពានមួយ សម្រាប់ក្រុមហ៊ុនពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងតំបន់។ ក្រុមហ៊ុននេះនឹងផ្តោតលើការដឹកជញ្ជូនផលិតផលរថយន្ត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្ត ទៅដល់រោងចក្រក្នុងស្រុកមួយ ដែលអាចមានសមត្ថភាពផលិតប្រចាំឆ្នាំចំនួន ៨០,០០០គ្រឿង ។

ក្រុមហ៊ុន Hyundai Glovis ក៏នឹងដឹកជញ្ជូនផលិតផលមិនមែនគ្រឿងបន្លាស់ដូចជា៖ ម្ហូបអាហារ, ខ្សែសង្វាក់សីតុណ្ហភាពត្រជាក់, វាយនភណ្ឌ និងសម្លៀកបំពាក់។ បន្ទាប់ពីនេះក្រុមហ៊ុន Hyundai Glovis នឹងបើកការិយាល័យនៅទីក្រុងហូជីមិញនៅឆមាស ទី១ ឆ្នាំក្រោយ ដែលនឹងគ្រប់គ្រងលើការដឹកជញ្ជូនតាមយានយន្ត។

ក្រុមហ៊ុននេះបាននិយាយថា ជាមួយនឹងទីផ្សារសង្វាក់ត្រជាក់ដែលរីកចម្រើននៅទូទាំងពិភពលោក ដែលត្រូវបានរំពឹងថា នឹងឈានដល់ទំហំទីផ្សារដែលមានតម្លៃ ២៩៣ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៣ ពួកគេនឹងខិតខំបង្កើតប្រព័ន្ធមួយនៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុននេះបានពន្យល់ថា វាជារឿងចាំបាច់ដោយសារតែអាកាសធាតុត្រូពិចរបស់ប្រទេស។ គួរឱ្យដឹងដែរថា ក្រុមហ៊ុន Hyundai Glovis បច្ចុប្បន្នកំពុងប្រតិបត្តិការការិយាល័យចំនួន ៧១កន្លែង នៅបរទេស។ ហើយកាលពីដើមឆ្នាំនេះក្រុមហ៊ុននេះបានបើកការិយាល័យនៅក្នុងទីក្រុង Shenzen ប្រទេសចិន និង Delhi និងទីក្រុងបុមបៃ ប្រទេសឥណ្ឌាផងដែរ៕

អត្ថបទ៖ លីដា