អន្តរជាតិ July 31, 2019 Khmernote
មិនគួរសោះ! ស្រីស្អាតរូបស្រស់ម្នាក់ព្យាយាមដុតសម្លាប់ខ្លួនឯង ព្រោះតែមានជម្ងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ

ថៃ៖ កាលពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅនេះមានហេតុការណ៍រន្ធត់មួយបានកើតឡើង ដោយស្រីស្អាតវ័យ៣២ឆ្នាំម្នាក់បានព្យាយាមដុតភ្លើងសម្លាប់ខ្លួនឯង ព្រោះតែមានជម្ងឺបាក់ទឹកចិត្ត អស់សង្ឃឹមនឹងជីវិត។ តាមការរាយការណ៍បានឲ្យដឹងថាស្រីម្នាក់មានវ័យ៣២ឆ្នាំ មានឈ្មោះថា ផាត់ឆារ៉ាផាន់ ឬឈ្មោះហៅក្រៅថា អូនមីន ត្រូវបានអ្នកជិតខាងរកឃើញនឹងជួយសង្គ្រោះទាន់ពេលវេលាក្រោយព្យាយាមសម្លាប់ខ្លួនឯងដោយដុតភ្លើង នៅក្នុងទីធ្លាផ្ទះរបស់ខ្លួនស្ថិតក្នុងស្រុកមឿង ខេត្តឆៈឆឿងសៅ។

តាមរយៈការរាយការណ៍របស់លោក ធៀនថាវ៉ាត់ ប្រៃអាណាន់ អាយុ ៦២ឆ្នាំបានឲ្យដឹងថា ពេលដែលកើតហេតុលោកបានធំក្លិនឈ្ងៀមភ្លើង ព្រមទាំងឮសម្លេងក្តុងក្តាំងនៅផ្ទះជាប់ខ្លួន ក៏ដើរមកមើលឃើញអណ្តាតភ្លើងកំពុងឆេះគំនខោអាវ លោកក៏បានដងទឹកពាងក្បែរនោះមកពន្លត់ដោយចំណាយពេលប្រមាណ៣ ទៅ៤នាទីព្រោះភ្លើងទើបតែឆេះមិនទាន់ខ្លាំងប៉ុន្មាន។ លោកក៏បានប្រទះឃើញស្ត្រីរងគ្រោះខាងលើស្ថិតក្នុងសភាពរលាកស្បែក ដោយការដុតខ្លួនឯងក៏បង្កឲ្យមានការភ្ញាក់ផ្អើលឲ្យអ្នកភូមិមកជួយនាំទៅមន្ទីរពេទ្យ ព្រមទាំងរាយការណ៍ប្រាប់ប៉ូលីស។

តាមរយៈកិច្ចសម្ភាសន៍ជាមួយអ្នកជិតខាង៣នាក់ផ្សេងទៀតបានឲ្យដឹងថា កាលពីដើមឡើយ អូនមីន គឺជាមនុស្សរួសរាយណាស់ ដោយនាងជានារីមានរូបសម្រស់ស្រស់ស្អាតមួយរូបមានស្វាមី និងកូន១នាក់អាយុ៤ឆ្នាំ។ នាងមានមុខរបរជាអ្នកលក់ឥវ៉ាន់អនឡាញ ព្រមទាំងមានហាងផ្ទាល់ខ្លួន។ តែក្រោយមកនាង និងស្វាមីមានទំនាស់រហូតដល់ការលែងលះគ្នា ហើយកូនប្រុសក៏ត្រូវបានស្វាមីនាំយកទៅបាត់ នាងចាប់ផ្តើមប្រែប្រួលទៅជាមនុស្សក្រៀមក្រំ ពុំសូវនិយាយស្តីសម្ងំនៅក្នុងផ្ទះ កើតមានជម្ងឺបាក់ទឹកចិត្ត អាចបណ្តាលមកពីមនុស្សដែលធ្លាប់មានគ្រប់យ៉ាង តែក៏ត្រូវបាត់បង់ក្នុងពេលខ្លី ទាំងកូន និងស្វាមី។

អ្នកជិតខាងទាំងនោះបានបន្ថែមថា នាងបានព្យាយាមធ្វើការសម្លាប់ខ្លួនឯងជាច្រើនលើកច្រើនសារមកហើយ តែពុំបានសម្រេច មានពេលមួយនោះនាងបានទៅលោតសម្លាប់ខ្លួននៅឯស្រះក្នុងវត្ត តែត្រូវគេឃើញទាន់។ អ្វីដែលពុំនឹកស្មាននោះគឺពួកគេពុំគិតថានាងហ៊ានប៉ុនប៉ងសម្លាប់ខ្លួនដោយដុតខ្លួនឯងនោះឡើយ៕

អត្ថបទ៖ មេសា