រថយន្ត August 6, 2019 lyda
Audi ទើបតែប្រកាសនូវស្គូធឺអគ្គិសនី E-Tron Scooter យ៉ាងថ្មីសន្លាង ស្អាតប្រណីត ងាយស្រួលជិះ និងមានកម្លាំងគួរសម ដែលនឹងមានលក់នៅឆ្នាំ ២០២០

ប្រសិនបើរថយន្តម៉ូដែល E-Tron ប្រភេទ SUV វាធំពេក ឬថ្លៃពេកសម្រាប់អ្នក សូមកុំបារម្ភទៀតអី… ព្រោះពេលនេះក្រុមហ៊ុន Audi មានអ្វីថ្មី ដែលធ្វើឱ្យអតិថិជនកាន់តែមានភាពសប្បាយរីករាយ។ ដោយក្រុមហ៊ុន Audi ទើបតែប្រកាសនូវស្គូធឺ​​អគ្គិសនី «E-Tron Scooter» ថ្មីបំផុតរបស់ខ្លួន ដែលវាជាការបំពេញតម្រូវការដល់អតិថិជនដែលមិនចូលចិត្តជិះរថយន្ត។ មិនត្រឹមតែប៉ុណ្ណឹងទេ ត្បឹតតែវាជាស្គូធឺ​​ ប៉ុន្តែអ្នកអាចជិះវាដូចជាក្ដារស្គីផងដែរ ពោលគឺអ្នកអាចបត់បែនវាបានតាមចិត្តយ៉ាងងាយស្រួល ហើយអ្នកអាចប្រើដៃតែម្ខាងចាប់កាន់ស្គូធឺនេះ និងម្ខាងទៀតកាន់អីវ៉ាន់ដែលអ្នកដាក់តាមខ្លួនបាន។

ស្គូធឺនេះវាមិនមែនជាម៉ូតូអេឡិចត្រូនិកមានកម្លាំងខ្លាំងបំផុតនោះទេ ដោយវាមានល្បឿនអតិបរមា ២០គីឡូម៉ែត្រ/ម៉ោង និងបើកបានចម្ងាយ ២០គីឡូមែត្រ រាល់ពេលសាកថ្មពេញម្ដងប៉ុណ្ណោះ ប៉ុន្តែវាគួរតែអាចរ៉ាប់រងលើការធ្វើដំណើរធម្មតាបាន ដូចជាការជិះទៅញ៉ាំកាហ្វេ ឬជិះលេងកម្សាន្តផ្សេងៗ។ វាមានទម្ងន់ធ្ងន់បន្ដិច (១២គីឡូក្រាម) ប៉ុន្តែអ្នកអាចដាក់វាចុះ ហើយទាញវាដូចជារទេះបាន។ វាប្រហែលជាចេញលក់នៅចុង ឆ្នាំ២០២០ ក្នុងតម្លៃប្រហែល ២,០០០ផោន (២.២៣៥ដុល្លារអាមេរិក) ហើយវាក៏មានបំពាក់ Bluetooth ដើម្បីគ្រប់គ្រងលើការជិះ ឬការពារចោរលួច (anti-theft protection) ៕

អត្ថបទ៖ លីដា