សុខភាព August 7, 2019 Khmernote
៦ ចំណុច ចាំបាច់ត្រូវធ្វើ ដើម្បីបង្ការខ្លួនពីការឆ្លងជំងឺថ្លើមគ្រប់ប្រភេទ

ជំងឺ​ថ្លើម​មាន​ដល់​ទៅ ៦ ​ប្រភេទ ​ឯណោះ គឺ​ជំងឺ​ថ្លើម​ប្រភេទ A, B, C, D, E និង F ប៉ុន្តែ​ជំងឺ​ដែល​យើង​ធ្លាប់​ឮ និង​កើត​ញឹក​ញាប់​ជាង​គេ គឺ​ជំងឺ​ថ្លើម​ប្រភេទ A B និង C។ ក្នុង​ចំណោម​ជំងឺ​រលាក​ថ្លើម​ទាំង​អស់ មាន​តែ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C ទេ​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​ធ្ងន់ធ្ងរ វិវត្ត​ទៅ​ជាក្រិន​ថ្លើម​ និង​មហារីក​ថ្លើម។

ចំពោះ​មូលហេតុ​នាំ​ឲ្យ​កើត​ជំងឺ​ថ្លើម​វិញ​បណ្តាល​មក​ពី​មេរោគ​ទៅ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រាងកាយ។ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ណែនាំ​ពី​វិធី ៦ យ៉ាង ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​ថ្លើម។

១- ចាក់វ៉ាក់សាំង

បច្ចុប្បន្ន​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ដូច្នេះ​យើង​ចាំបាច់​ត្រូវ​ចាក់ថ្នាំបង្ការជំងឺនេះ​ឲ្យ​បាន​គ្រប់ៗ​គ្នា។

២- កុំប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និងឡាម​រួមគ្នា

ក្រៅ​ពី​រួមភេទ ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​ប្រើ​ម្ជុល ច្រាស​ដុស​ធ្មេញ និង​ផ្លែឡាម​ដែរ អ៊ីចឹង​យើង​មិន​ត្រូវ​ប្រើ​វត្ថុ​ទាំង​នោះ​រួម​គ្នា​នោះ​ទេ។

៣- ពេលមាន​ផ្ទៃពោះ​ត្រូវ​ជជែកជាមួយ​ពេទ្យ

ចំពោះ​ស្រ្តី​មាន​ផ្ទៃពោះ​វិញ បើ​មាន​ផ្ទុក​មេរោគ​ថ្លើម និ ដើម្បី​បង្ការ​កូន​ពី​ការ​ឆ្លង​ជំងឺ​ថ្លើម​ដោយ​ប្រការ​ណាមួយ​នោះ ចាំបាច់​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ពី​វិធី​បង្ការការឆ្លងជំងឺ​ថ្លើមពីម្តាយ​ទៅ​កូនក្នុង​ផ្ទៃ ឬ​ក្រោយ​ពេល​សម្រាល​កូន​ហើយ។

៤- ប្រើ​ឧបករណ៍ និង​ម្ជុល​សាក់​គ្មាន​​មេរោគ

ជំងឺ​ថ្លើម​ក៏​ឆ្លង​តាម​រយៈ​ការ​សាក់​នៅលើ​​​ស្បែក​ដែរ ដូច្នេះ​មុន​នឹង​សាក់​យើង​ត្រូវ​ឲ្យ​គេ​ស្ងោរ​ឧបករណ៍ ឬ​ម្ជុល​សម្រាប់​សាក់ ដើម្បី​សម្លាប់​មេរោគ​ឲ្យ​បាន​ត្រឹម​ត្រូវ។

៥- ប្រើ​ស្រោម​អនាម័យ

ប្រើ​ស្រោម​អនាម័យ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​រាល់​ពេល​រួម​ភេទ មិន​ត្រឹម​តែ​អាច​បង្ការ​ខ្លួន​យើង​ពី​ជំងឺ​ថ្លើម​គ្រប់​ប្រភេទ​នោះ​ទេ ថែម​ទាំង​អាច​បង្ការ​ពី​ជំងឺ​កាមរោគ ការ​មាន​ផ្ទៃពោះ ពិសេស​ជំងឺ​អេដស៍។

៦- លេប​ថ្នាំ ជា​ជាង​ចាក់​ថ្នាំ

បើ​សិន​ជា​អាច ឬ​មាន​ជំងឺ​ល្មមៗ បើ​យើង​ទៅ​ជួប​គ្រូ​ពេទ្យ​មិន​សូវ​មាន​ជំនាញ យើង​គួរ​តែ​លេប​ថ្នាំ ជា​ជាង​ការ​ចាក់​ថ្នាំ​ដោយ​ប្រើម្ជុល សឺរ៉ាំង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ