រថយន្ត August 7, 2019 lyda
រថយន្តភីកអាប់ថ្មីសន្លាងរបស់ Tesla ដែលនឹងបង្ហាញមុខឆាប់ៗ អាចនឹងមានឈ្មោះថា Model B

ថ្មីៗនេះយើងឃើញថា លោក Elon Musk ដែលជានាយក​ប្រតិបត្តិរបស់ SpaceX និងជាស្ថាបនិករបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla បានបង្ហោះនូវរូបភាព និងសារនៅលើ Twitter ជាច្រើនទាក់ទងនឹងអក្សរ «B» ដែលជាហេតុធ្វើឱ្យអ្នកតាមដានមួយចំនួនយល់ថា រថយន្តភីកអាប់តម្លៃ ៥០,០០០ដុល្លារ ដែលគាត់នឹងត្រៀមចេញឆាប់ៗនេះ អាចនឹងមានឈ្មោះថា Model B ។

Model B អាចជាការរចនា ដែលត្រូវបានគេរំពឹងទុកថា ជាឡានដឹកទំនិញស៊េរីថ្មីដំបូងរបស់ក្រុមហ៊ុន Tesla នាពេលខាងមុខ ប៉ុន្តែយ៉ាងណាក៏ដោយពេលនេះយើងមានភ័ស្តុតាងបន្តិចបន្តួចប៉ុណ្ណោះ ដើម្បីគាំទ្រទ្រឹស្តីនេះ។ ប៉ុន្តែវាគ្មានអ្វីជាអាថ៌កំបាំងនោះទេដែលថា ក្រុមហ៊ុន Tesla កំពុងធ្វើការលើរថយន្តភីកអាប់ដឹកទំនិញអគ្គិសនី។ ហើយលោក Elon Musk គាត់តែងតែត្អូញត្អែរថា វាគឺជាគម្រោងរបស់ Tesla ដែលគាត់ចូលចិត្តបំផុតទៀតផង។

ទោះយ៉ាងណាក៏ដោយ យើងនៅមិនទាន់ទទួលបានការចង្អុលបង្ហាញឱ្យបានច្បាស់លាស់នោះឡើយថា ឈ្មោះរបស់វានឹងហៅថាយ៉ាងម៉េចនោះទេ។ បើយើងរាប់ពី A-Z យើងអាចគិតថា Tesla Model T អាចជាឈ្មោះសម្រាប់ភីកអាប់ថ្មីនេះ ព្រោះ Tesla ក៏មាន Model S រួចហើយដែរ។ ប៉ុន្តែបើសិនជាមានឈ្មោះថា Model T វាអាចនឹងជាន់គ្នាជាមួយម៉ូដែលរបស់ Ford ដូច្នេះ Model B អាចនឹងមានភាគរយខ្ពស់ជាង៕

អត្ថបទ៖ លីដា