សង្គម August 8, 2019 Khmernote
រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យអ្នកកាន់កាប់ដីនៅលើផ្ទៃបឹងសំរោង ប្រញាប់រៀបចំឯកសារធ្វើបែបនេះភ្លាម

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា សាលារាជធានីនឹងធ្វើការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញបឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីកែលម្អសោភ័ណភាពផ្តៃបឹងសំរោង ឲ្យមានលក្ខណៈល្អប្រសើរ សម្រាប់ជាទីកន្លែងដើរលំហែរបស់បងប្អូនប្រជាពលរដ្ឋ។ រដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលកាន់កាប់ដីនៅលើផ្ទៃបឹងសំរោងទាំងអស់ យកឯកសារពាក់ព័ន្ធមកបង្ហាញនៅទីចាត់ការកិច្ចការច្បាប់ និងសិទ្ធិមនុស្សសាលារាជធានីភ្នំពេញភ្លាម ដើម្បីឲ្យក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ វាយតម្លៃ ព្រមទាំងចុះវាស់វែងលើទីតាំងកាន់កាប់ផ្ទៃបឹងសំរោង ដើម្បីមានមូលដ្ឋានក្នុងការដោះស្រាយ គោលនយោបាយជូន ហើយការប្រគល់ឯកសារ និងការចុះវាស់វែងនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១៣ ខែសីហា រហូតដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ បើផុតថ្ងៃកំណត់រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនសម្របសម្រួល ឬដោះស្រាយសំណូមពរណាមួយឡើយ៕

អត្ថបទ៖ សេម