សង្គម August 8, 2019 Khmernote
ចូលរួមសោកស្តាយ! លោកយាយវ័យ៦៥ឆ្នាំ លះបង់ជីវិតខ្លួនចូលជួយសង្គ្រោះជីវិតសត្វឆ្មាឆ្កែ ចេញពីអណ្តាតភ្លើង គួរឲ្យគោរព និងកោតសរសើរ

កាលពីថ្មីៗនេះ មានហេតុការណ៍អគ្គីភ័យឆេះផ្ទះដ៏គួរឲ្យតក់ស្លុតមួយបានកើតឡើងនៅឯតំបន់បានថុងរី ស្រុកហាតញ៉ៃ ខេត្តសុងក្លា ប្រទេសថៃ ដោយលោកយាយវ័យ៦៥ឆ្នាំម្នាក់បានពលីខ្លួនដើម្បីចូលជួយសង្គ្រោះជីវិតសត្វឆ្មាឆ្កែដែលជាប់ក្នុងអណ្តាតភ្លើងប្រមាណជាង២០ក្បាល។

លោកយាយវ័យ៦៥ឆ្នាំរូបនោះត្រូវបានគេស្គាល់ឈ្មោះថា ជេមីណាក់ ធីងប៉ាកណាំ ជាអ្នកលក់វត្ថុបុរាណ ដោយគាត់ជាមនុស្សស្រលាញ់សត្វចិញ្ចឹម ប្រើប្រាស់ជីវិតរស់នៅជាមួយពួកវាជារៀងរាល់ថ្ងៃ។ ជាសំណាងអាក្រក់អគ្គីភ័យបានឆាបឆេះឡើងដោយផ្តើមចេញពីផ្ទះរបស់លោក សាយឈុន ឃីតឡយ ឡេក អាយុ៣៩ឆ្នាំ បានឆេះរាលដាលដល់ផ្ទះជាច្រើនក្នុងតំបន់បានថុងរី។ លោកយាយ ជេមីណាក់ បានលះបង់ខ្លួនប្រាណចូលជួយសង្គ្រោះសត្វឆ្មាឆ្កែរបស់គាត់ដែលមានចំនួនជាង២០ក្បាល ធ្វើឲ្យអណ្តាតភ្លើងឆេះរលាករាងកាយអស់ប្រមាណ៦០% ដោយលោកយាយអាចជួយសង្គ្រោះជីវិតសត្វឆ្មាឆ្កែចំនួន៧ក្បាលតែប៉ុណ្ណោះ។

ក្រោយកើតហេតុលោកយាយ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យសុងក្លានគររីន ដោយមានការមើលថែយ៉ាងយកចិត្តទុកដាក់ចំពោះសុខភាពគាត់។ តែនៅយប់ថ្ងៃទី៦ ខែសីហា អការៈរបស់លោកយាយ ហាក់កាន់តែធ្ងន់ធ្ងរគួរឲ្យព្រួយបារម្ភ ទីបំផុតគាត់ក៏បានបាត់បង់ជីវិតនៅថ្ងៃទី៧ ខែសីហា វេលាម៉ោង៦ និង១១នាទីល្ងាច។ លោកយាយត្រូវបានមហាជនកោតសរសើរ និងគោរពជាខ្លាំង ដោយគ្រប់គ្នាគឺមានក្តីសោកស្តាយរូបគាត់ជាពន់ពេក៕