មន្ទីរពេទ្យឯកជន ចំនួន ៤៣ ត្រូវបាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងរបស់ថៃ កោះហៅទៅបំភ្លឺលើមូលហេតុ មិនបញ្ជូនព័ត៌មានស្ដីពីការចំណាយ បញ្ជីតម្លៃថ្នាំពិត ការផ្គត់ផ្គង់ និងការផ្ដល់សេវាវេជ្ជសាស្រ្ត ដែលបានផុតកំណត់តាំងពីថ្ងៃទី៣១ ខែកក្កដា ២០១៩។
លោក Whichai Phochanakij អគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង បញ្ជាក់ថា មន្ទីរពេទ្យឯកជន ៤៣/៣៥៣ ត្រូវបានកោះហៅឲ្យពន្យល់ពីមូលហេតុមិនធ្វើតាមបទបញ្ជា។ លោកថា ព័ត៌មានស្ដីពីតម្លៃវេជ្ជសាស្រ្ត និងការកំណត់តម្លៃ នឹងត្រូវធ្វើបច្ចុប្បន្នភាពនៅលើប្រព័ន្ធទិន្នន័យរបស់នាយកដ្ឋាន ដូច្នេះសាធារណជនអាចប្រៀបធៀបតម្លៃ មុនសម្រេចទិញថ្នាំរបស់មន្ទីរពេទ្យណាមួយ។
លោកបន្ថែមថា តម្លៃថ្នាំ និងសេវាព្យាបាល ដែលមន្ទីរពេទ្យបានប្រកាស នឹងត្រូវរៀបរៀង និងកែសម្រួល ហើយនាយកដ្ឋាន នឹងចេញផ្សាយព័ត៌មានទាំងនេះ លើគេហទំព័រ និងតាមរយៈ QR Codes។
ការកោះហៅមន្ទីរពេទ្យឯកជននេះ ដោយសារកើនឡើងការរិះគន់កាន់តែច្រើន ពីតម្លៃថ្នាំ និងសេវាព្យាបាលថ្លៃខ្លាំង នៅតាមមន្ទីរពេទ្យឯកជន។
ជាមួយគ្នានេះ លោកអគ្គនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុង ក៏បានព្រមានពីវិធានការផ្លូវច្បាប់ លើមន្ទីរពេទ្យឯកជនផងដែរ។ ក្នុងនោះ អ្នកមិនឆ្លើយតបនឹងការកោះហៅ ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៣ខែ និងពិន័យជាប្រាក់ ប្រមាណ ជិត ២០០ដុល្លារ ខណៈអ្នកមិនផ្ដល់ព័ត៌មាន ប្រឈមនឹងការជាប់ពន្ធនាគារ ១ឆ្នាំ និងពិន័យជាប្រាក់ ប្រមាណ ជិត ៨០០ដុល្លារ និងការពិន័យបន្ថែមប្រចាំថ្ងៃ ប្រមាណជិត ១០០ដុល្លារ។
តាមរយៈលទ្ធផលនៃការស្ទង់មតិ កាលពីខែមេសា ឆ្នាំ២០១៩ មន្ទីរពេទ្យឯកជន បានយកតម្លៃថ្នាំ និងសេវាព្យាបាលលើសតម្លៃចំណាយពិត រហូតដល់ ៣០-៣០០%។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ