ព័ត៌មាន August 14, 2019 Khmernote
គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃ ចាត់វិធានការក្តៅលើការិយាល័យមួយប្រើលុយជាតិខ្ជះខ្ជាយ និងបំប៉ោងតម្លៃ ព្រោះការិយាល័យតូចមួយសោះដាក់កង្ហារដល់៣០គ្រឿង

ថៃ៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃនឹងចាត់វិធានការទៅលើការិយាល័យរបស់រដ្ឋមួយ ដែលចាយលុយច្រើនហួសហេតុ ពោលគឺគ្រាន់តែក្នុងបន្ទប់តូចមួយការិយាល័យមួយនេះបានបំពាក់កង្ហារលើពិដានរហូតដល់ ៣០ គ្រឿងឯណោះ។ ការិយាល័យមួយនេះគឺជាការិយាល័យប្រៃសណីយ៍ Khukhot ដែលស្ថិតនៅក្នុងខេត្ត  Pathum Than ភាគខាងត្បូងប្រទេសថៃ។ ភស្តុតាងជាក់ស្តែង ដែលគេបានឃើញគឺនៅក្នុងបន្ទប់ការិយាល័យមានផ្ទៃក្រលាត្រឹមតែ ៤៥ ម៉ែត្រការ៉េ មានបំពាក់ទៅដោយកង្ហារលើពិដានចំនួន ៣០ គ្រឿងនៅជាប់គ្នាស្អេកស្កះតែម្តង។ នេះជាភាពមិនប្រក្រតី និងជារឿងដ៏ហួសចិត្តមួយ ដែលមិនធ្លាប់កើតមានទាល់តែសោះក្នុងបច្ចេកទេសនៃការតុបតែងផ្នែកខាងក្នុងអគារ។

តាមការរកឃើញរបស់គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃបានឲ្យដឹងថា ការិយាល័យមួយនេះបានស្នើសុំថវិកាជាតិយ៉ាងច្រើនមកកែលម្អការិយាល័យ តែជាក់ស្តែងប្រធានការិយាល័យមិនបានជួសជុលអ្វីច្រើននោះទេ ហើយគិតតែពីបំប៉ោងតម្លៃកង្ហារនីមួយៗ និងទិញកង្ហារយ៉ាងច្រើន ដើម្បីឲ្យគ្រប់ថវិកាដែលរដ្ឋាភិបាលបានអនុម័តឲ្យនោះ។ ដូចនេះហើយទើបគណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃសម្រេចចាត់វិធានការទៅលើការិយាល័យមួយនេះ ដើម្បីព្រមានដល់ស្ថាប័នផ្សេងទៀតកុំឲ្យចេះតែធ្វើផ្ដេសផ្ដាសដូចនេះទៀត៕

អត្ថបទ៖ ភក្តី