បច្ចេកវិទ្យា August 9, 2019 Khmernote
Huawei ប្រកាសចេញប្រតិបត្តិការថ្មី Harmony OS ហើយអាចប្រើបានគ្រប់ឧបករណ៍ទាំងអស់

ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានប្រកាសនៅថ្ងៃសុក្រមុននេះបន្ដិច ជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន សម្រាប់ដំណើរការក្នុងស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតរបស់ខ្លួន ខណៈដែលការរឹតត្បិតពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកកាលពីខែឧសភា បានគំរាមក្រុមហ៊ុនមិនឱ្យប្រើបច្ចេកវិទ្យាសំខាន់របស់សហរដ្ឋអាមេរិកដូចជា Android ជាដើម។ ហើយប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei គឺមានឈ្មោះថា Harmony OS ។

ថ្លែងនៅក្នុងការប្រកាសនេះលោក Richard Yu ប្រធានក្រុមអាជីវកម្មរបស់ក្រុមហ៊ុន Huawei បាននិយាយថា៖ «Harmony OS គឺខុសគ្នាទាំងស្រុងពីប្រព័ន្ធប្រតិបត្តិការ Android និង iOS»។ លោកបន្ដថា៖ «អ្នកប្រើអាចអភិវឌ្ឍកម្មវិធីតែមួយដង ហើយបន្ទាប់មកដាក់ពង្រាយកម្មវិធីទាំងនោះបានយ៉ាងងាយទៅលើជួរនៃឧបករណ៍ផ្សេងៗគ្នាដទៃទៀត»។

គួរឱ្យដឹងដែរថា Harmony មានន័យថា Hongmeng ក្នុងភាសាចិន ហើយវាក៏ត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការដែរ ប៉ុន្តែ Huawei នៅប្រើ Android សិន ដើម្បីឱ្យអ្នកអភិវឌ្ឍកម្មវិធីមានភាពងាយស្រួល។ ហើយនៅថ្ងៃសៅរ៍នេះ ពួកគេមានគម្រោងបញ្ចេញ Honor Smart Screen ដែលជាទូរទស្សន៍ឆ្លាតវៃរបស់ក្រុមហ៊ុន ដែលប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Hongmeng ឬ Harmony OS នេះ៕

អត្ថបទ៖ លីដា