បច្ចេកវិទ្យា August 10, 2019 lyda
សំឡេងចេញពីឧបករណ៍ Alexa របស់ Amazon ការពិតជារបស់និស្សិតចិនមិនគ្រប់អាយុ ដែលត្រូវគេបង្ខំឱ្យធ្វើការថែមម៉ោងរាល់ថ្ងៃ

អង្គការឃ្លាំមើលពលកម្មចិន (China Labor Watch) បានរកឃើញថា មានសិស្សសាលាចិនរាប់រយនាក់ត្រូវបានគេជ្រើសរើសឱ្យធ្វើការរយៈពេលយូរ និងលើសម៉ោងដោយខុសច្បាប់ នៅក្នុងរោងចក្រ Foxconn ដែលជាអ្នកបង្កើតឧបករណ៍ Alexa របស់ក្រុមហ៊ុន Amazon ។ ការស៊ើបអង្កេតរបស់ក្រុមសិទ្ធិការងារបានរកឃើញថា កុមារជាង ១,០០០នាក់ ដែលមានអាយុពី ១៦ ទៅ ១៨ឆ្នាំ ត្រូវបានជួលឱ្យធ្វើជាអ្នកហាត់ការនៅរោងចក្រ Foxconn ក្នុងទីក្រុង Hengyang ។

ការពិតទៅរោងចក្រនៅចិនគេអនុញ្ញាតឱ្យជួលនិស្សិត ដែលមានអាយុចាប់ពី ១៦ឆ្នាំ ឡើងទៅធ្វើការពិតមែន ប៉ុន្តែនិស្សិតទាំងនេះនឹងមិនត្រូវបានអនុញ្ញាតឱ្យធ្វើការពេលយប់ ឬធ្វើការថែមម៉ោងនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្ញើតាមអ៊ីមែលទៅកាន់ Business Insider បានឱ្យដឹងថា ក្រុមហ៊ុន Foxconn បានទទួលស្គាល់ថា និស្សិតត្រូវបានជួលឱ្យធ្វើការដោយខុសច្បាប់ពិតមែន ហើយបាននិយាយថា ខ្លួនកំពុងចាត់វិធានការភ្លាមៗ ដើម្បីកែតម្រូវស្ថានការណ៍នេះ។

របាយការណ៍ក៏បានបន្ថែមដែរថា ក្នុងករណីប្រសិនបើនិស្សិតមិនគ្រប់អាយុទាំងនោះបដិសេធមិនធ្វើការបន្ថែមម៉ោង គ្រូរបស់ពួកគេត្រូវបង្ខំឱ្យដាក់ពាក្យសុំលាឈប់ជំនួសពួកគេ។ យ៉ាងណាមិញក្រុមហ៊ុន Amazon ដែលជាម្ចាស់នៃឧបករណ៍នេះបាននិយាយថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតជាបន្ទាន់នូវការចោទប្រកាន់នេះ និងដោះស្រាយជាមួយ Foxconn ក្នុងកម្រិតខ្ពស់បំផុត៕

អត្ថបទ៖ លីដា