រថយន្ត August 12, 2019 lyda
Porsche នឹងបង្ហាញ Taycan ស៊េរីឆ្នាំ 2020 ដែលជារថយន្តអគ្គីសនីដំបូងបំផុតរបស់ខ្លួន នៅដើមខែកញ្ញានេះ

Porsche ធ្លាប់បានបង្ហើបអំពីរថយន្តអគ្គីសនីដំបូងរបស់ខ្លួនតាំងពីជិត ៤ឆ្នាំ មុនមកម្ល៉េះ ហើយយើងក៏ប្រហែលជាធ្លាប់បានដឹងច្រើនពីវាតាំងពីពេលនោះមកផងដែរ។ រថយន្តអគ្គីសនីនោះមានឈ្មោះថា Taycan ហើយវាក៏ប្រហែលជារថយន្តអគ្គីសនីស្របច្បាប់ ដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកផងដែរ។ សម្រាបព័ត៌មានអំពីការបង្ហាញខ្លួនជាផ្លូវការ គឺវានឹងចេញមុខនៅថ្ងៃទី៤ ខែកញ្ញា ខែក្រោយនេះផ្ទាល់ ដោយ Porsche នឹងធ្វើការ live-stream អំពីការបង្ហាញខ្លួនរបស់វា។

Taycan មានសន្ទុះល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង តិចជាង ៣.៥វិនាទី ហើយមានសន្ទុះល្បឿនពី ០-២០០គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ១២វិនាទី ប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរិមារបស់វាគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ។ ថ្មសាក lithium-ion របស់វា គឺមានថាមពល ៩០គីឡូវ៉ាត់ ប៉ុន្តែ Porsche មិនបានបង្ហើបឱ្យច្បាស់ថា វាជិះបានប៉ុន្មានគីឡូម៉ែត្ររាល់ពេលសាកថ្មពេញម្ដងនោះទេ។ យ៉ាងណាក៏ដោយប្រភពផ្សេងទៀតបាននិយាយថា Taycan នឹងអាចជិះបាន ៥០០គីឡូម៉ែត្រ (ពេលសាកពេញម្ដង) និងអាចបញ្ជូលថ្មបាន ៨០% ត្រឹមតែរយៈពេល ១៥នាទី ប៉ុណ្ណោះ (fast charging) ហើយចំពោះតម្លៃរបស់វាវិញ គឺចាប់ពី ៩០,០០០ ទៅ ១៣០,០០០ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា