សង្គម August 12, 2019 Khmernote
អាណាព្យាបាលមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់! ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ លេងល្បែងចងក តាមរឿងភាគថៃ ភ្លាត់ស្នៀតស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តឧត្ដរមានជ័យ៖ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ក្នុងចំណោមបីនាក់ បាននាំគ្នាលេងចងក តាមសាច់រឿងភាគថៃ ភ្លាត់ស្នៀតបណ្តាលអោយ ស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ។

ជនរងគ្រោះមានឈ្មោះ វីន ម៉ាលី ភេទស្រី អាយុ១០ឆ្នាំ យោងតាមសម្តីរបស់សាក្សីឈ្មោះ រឿន ម៉ាលីស អាយុ៦ឆ្នាំ បានឲ្យដឹងថាខ្លួន និងប្អូនអាយុ៣ឆ្នាំ បានមកលេងផ្ទះរបស់ឈ្មោះ ម៉ាលី នាំគ្នាលេងរាំច្រៀងខណៈដែលម្តាយម៉ាលីកំពុងតែសម្រាននៅក្នុងផ្ទះ។ ហើយជនរងគ្រោះបានបបួលខ្លួន និងប្អូនទៅលេងក្រោយផ្ទះព្រមទាំងកាន់ក្រម៉ាពណ៌សមកជាមួយបបួលគ្នាលេងធ្វើចងក ហើយពេលនោះសាក្សីបានប្រាប់ថាទៅជនរងគ្រោះថា “ចែលេងចឹងប្រយ័ត្នងាប់ណា ” ហើយ ឈ្មោះ ម៉ាលី ថា “មិនអីទេ”​។

ពេលនោះហើយដែល ម៉ាលី បានយកក្រម៉ាចងទាក់នឹងមែកស្វាយនៅក្បែរមាត់ទ្វារក្រោយផ្ទះ បន្ទាប់មកម៉ាលីក៏បានឈរនឹងមាត់ទ្វារព្រមទាំងទាក់កខ្លួនឯងហើយលោតចុះបណ្តាលឲ្យរឹតក។ ភ្លាមៗនោះក្រុមគ្រួសារក៏បាននាំជនរងគ្រោះទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ នៅពេលសមត្ថកិច្ច ធ្វើការពិនិត្យកន្លែងកេីតហេតុនិងសាកសព រកឃើញថាពិតជាបានធ្វើអត្តឃាតដោយ ចងកខ្លួនឯងពិតប្រកដមែន និងបានប្រគល់សាកសពជូនដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ប្រភព៖ABC