បច្ចេកវិទ្យា August 12, 2019 lyda
Samsung ទើបតែប្រកាសនូវស៊េនស័រកាមេរ៉ាទំហំ 108MP ក្ដៅៗ ហើយអាចនឹងមាននៅលើ Xiaomi Redmi ឆាប់ៗ

កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតស្មាតហ្វូនចិន Xiaomi បានបង្ហើបថា ខ្លួននឹងដាក់លក់ទូរស័ព្ទដែលមានកាមេរ៉ាទំហំ 108មេហ្គាភិចសែល នៅពេលណាមួយនាពេលអនាគត។ ហើយឥឡូវនេះយើងនឹងដឹងពីព័ត៌មានលម្អិតមួយចំនួន នៅលើស៊ែនស័រកាមេរ៉ាដែលទូរស័ព្ទនេះនឹងមាន។ ស៊ែនស័រនេះមានឈ្មោះថា ISOCELL Bright HMX គឺជាកិច្ចសហការរវាងក្រុមហ៊ុន Xiaomi និង Samsung និងផ្តល់ជូននូវលក្ខណៈពិសេសជាច្រើន ដែល Samsung ធ្លាប់បានរក្សាទុកសម្រាប់កាមេរ៉ា DSLR ស៊េរីខ្ពស់ៗ។

រួមបញ្ចូលទាំងគុណភាពបង្ហាញអតិបរមា 108មេហ្គាភិចស៊ែល សម្រាប់រូបថត និងការថតវីដេអូទំហំ 6K (6,016 x 3,384 pixel) ក្នុងល្បឿន 30 ហ្វ្រេមក្នុង/វិនាទី។ ស៊ែនស័រដ៏ធំទំហំ 1/1.33អ៉ីញ នឹងអនុញ្ញាតឱ្យស្មាតហ្វូនថ្មីនេះ មានសមត្ថភាពអាចចាប់យករូបភាពបាន 0.8-micron Pixel ដូចគ្នានឹងស៊ែនស័រកាមេរ៉ាទំហំ 64មេហ្គាភិចស៊ែល របស់ Samsung ដែលអាចនិយាយបានថា វាពិតជាអស្ចារ្យសម្រាប់កាមេរ៉ាស្មាតហ្វូន។

ISOCELL Bright HMX នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា Tetracell របស់ Samsung ដែលប្រើ Pixel binning ដើម្បីបង្កើតរូបភាពឱ្យភ្លឺច្បាស់ទំហំ 27មេហ្គាភិចស៊ែល។ ស៊េនស័រនេះក៏ភ្ជាប់មកជាមួយបច្ចេកវិទ្យា Smart-ISO ដែលអាចកែសម្រួលកម្រិត ISO levels ដោយស្វ័យប្រវត្តិអាស្រ័យលើល័ក្ខខ័ណ្ឌភ្លើង។

ភាពល្អទាំងអស់នេះនឹងមកដល់ទូរស័ព្ទក្នុងពេលឆាប់ៗនេះ ព្រោះថាក្រុមហ៊ុន Samsung នឹងចាប់ផ្តើមផលិតកម្មទ្រង់ទ្រាយធំសម្រាប់ ISOCELL Bright HMX «នៅចុងខែនេះ» ផងដែរ។ នៅក្នុងសេចក្តីប្រកាសនាពេលថ្មីៗនេះ ក្រុមហ៊ុន Xiaomi មិនបានផ្តល់ព័ត៌មានលម្អិតអំពីពេលវេលា ដែលខ្លួននឹងដាក់បង្ហាញទូរស័ព្ទ 108មេហ្គាភិចស៊ែល ដំបូងនៅឡើយ ប៉ុន្តែវាពិតជាអាចទៅរួចដែលថា វានឹងជា Xiaomi Mi Mix 4 ដែលនឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះនេះ (អំឡុងចុងខែកញ្ញា)៕

អត្ថបទ៖​ លីដា