សុខភាព August 13, 2019 Khmernote
ពេទ្យថា ទម្លាប់ឲ្យកូនបៀមដបទឹកដោះគោ គ្រោះថ្នាក់ខ្លាំងណាស់

កូន​ក្មេង​មួយ​ចំនួន​ខូច​ណាស់ ចូល​ចិត្ត​បៀម​ដប​ទឹក​ដោះ​គោ ពេល​ម៉ឹម​ទឹក​ដោះ​គោ​អស់​មិន​ឲ្យ​ម៉ាក់ៗ​ដក​ដប​ទឹក​ដោះ​ចេញ​ពី​មាត់​នោះ​ទេ ជា​ពិសេស​នៅ​ពេល​យប់ អា​អូន​ខ្លះ​ជញ្ជក់​ទាល់​តែ​ដេក​​លក់ ឬ​ដេក​លក់​ហើយ​នៅ​តែ​ជញ្ជាក់​ទៀត។

ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​យូរ​រាប់​ម៉ោង​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​​បំផុត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ ឯកទេស​រោគ​កុមារ។

ហេតុអី​គ្រាន់​តែ​កូន​បៀម​ដប​ទឹក​ដោះ​គោ​សោះ គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​ដែរ? លោក​វេជ្ជ​បណ្ឌិត​ពន្យល់​ថា ការ​ដែល​ម៉ាក់ៗ​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹកដោះ​ដែល​បៅ​រួច ឬ​បៅ​នៅ​សល់​ទឹក​គោ ជាតិ​ទឹក​ដោះ​នោះ​នឹង​ជាប់​ធ្មេញ​រហូត វា​បង្ក​ឲ្យ​ខូច​ធ្មេញ​ខ្លាំង​ជាង​ក្មេង​ដែល​បៀម​ស្ករ​គ្រាប់ ឬ​ស្ករ​កៅស៊ូ​ទៀត ម្យ៉ាង​វិញ​ទៀត​ការ​បៀម​ជញ្ជក់​ដប​ទឹក​ដោះ​គោ​រយៈពេល​យូរ​អាច​ឆ្លង​មេរោគ​ទៅ​ជា​រលាក​បំពង់​ក មួយ​វិញ​ទៀត​ធ្វើ​ឲ្យ​ខូច​ទ្រង់​ទ្រាយ​​ធ្មេញ អាច​ដុះ​មិន​ត្រង់​ជួរជា​ដើម។

“ពេល​ដែល​ញ៉ាំ​ហើយ ក្មេង​ចូល​ចិត្ត​បៀម​កំប៉ុង​ទឹក​ដោះ​គោ​ហ្នឹង ម្តាយ​ខ្លះ​សូម្បី​តែ​យប់​ឡើង​គាត់​ឲ្យ​បៅ​ទឹក​ដោះ​គោ ជួនកាល​កូន​គាត់​បៅ​អត់​អស់ គាត់​ឲ្យ​កូន​គាត់​បៀម​ដប ទី១ ធ្មេញ​ក៏​ខូច ទី២ ងាយ​នឹង​រលាក​បំពង់​ក” លោក​វេជ្ជបណ្ឌិត អ៊ុន យូ រៀប​រាប់។

ចំពោះ​ម៉ាក់ៗ​ដែល​មាន​ទម្លាប់​ឲ្យ​កូន​បៀម​ដប​ទឹក​ដោះ​គោ​ក្រោយ​បៅ​រួច លោក​វេជ្ជបណ្ឌិតដែល​មាន​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង និងកូរ៉េ អ៊ុន យូ ​ណែនាំ​ឲ្យ​បញ្ឈប់​បន្ទាន់ ទោះ​ក្នុង​លក្ខខណ្ឌ​ដក​ដប​ទឹក​ដោះ​គោ​នោះ​ចេញ​អាច​ធ្វើ​ឲ្យ​កូន​ភ្ញាក់ ឬ​កូន​យំ​ក៏​ដោយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ