អន្តរជាតិ August 13, 2019 lyda
ច្បាប់ថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងធ្វើឱ្យជនអន្តោប្រវេសន៍ក្រីក្រ កាន់តែពិបាកសុំយកសញ្ជាតិអាមេរិក ឬសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញពីវិធានការណ៍បោសសម្អាតថ្មី ដែលនឹងធ្វើឱ្យមានការលំបាកកាន់តែច្រើនសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីសុំទទួលយកសញ្ជាតិអាមេរិក ឬឋានៈស្នាក់នៅអចិន្ត្រៃយ៍ស្របច្បាប់។ នាយកស្តីទីនៃសេវាកម្មពលរដ្ឋអាមេរិកាំង និងអន្តោប្រវេសន៍លោក Ken Cuccinelli បានប្រកាសច្បាប់នេះ នៅឯសន្និសីទសារព័ត៌មានរបស់សេតវិមានកាលពីថ្ងៃច័ន្ទ។ លោកបន្តថា ច្បាប់តម្រូវ​ឱ្យជនជាតិបរទេសពឹងផ្អែកលើសមត្ថភាព និងធនធានរបស់គ្រួសារ ប្តីប្រពន្ធ និងអង្គការឯកជន ប៉ុន្តែច្បាប់នេះមិនទាន់ត្រូវបានកំណត់ច្បាស់លាស់នៅឡើយទេ។

វិធានថ្មីនេះនឹងបដិសេធចំពោះបេក្ខជន ដែលខកខានមិនបានបំពេញតាមស្តង់ដារប្រាក់ចំណូល/ការអប់រំ ឬសម្រាប់ការទទួលបានសេវាសុខុមាលភាព ដូចជាជំនួយផ្នែកវេជ្ជសាស្រ្ត ឬអាហារ ហើយច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី១៥ ខែតុលា។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទំនងជានឹងប្រើវិធានការតឹងរឹងជាងមុន ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ ដើម្បីឈោងចាប់សំឡេងគាំទ្រ មុនការបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ។ ចំណែកក្រុមអ្នកប្រជាធិបតេយ្យប្រឆាំង កំពុងតែរិះគន់លោក ដូណាល់ ត្រាំ យ៉ាងចាស់ដៃ ដោយពួកគេនិយាយថា គោលនយោបាយរើសអើងបានលើកទឹកចិត្តឱ្យមានឧក្រិដ្ឋកម្មលើជនអន្តោប្រវេសន៍៕

អត្ថបទ៖​ លីដា