អន្តរជាតិ August 13, 2019 lyda
អេបូឡានឹងក្លាយជាជំងឺ ដែលអាចការពារ និងព្យាបាលបានឆាប់ៗនេះ ក្រោយទទួលបានអត្រារស់រានរហូតដល់ ៩០% ចេញពីការសាកល្បង

អ្នកវិទ្យាសាស្ត្របាននិយាយថា អេបូឡានឹងក្លាយជាជំងឺ «អាចការពារ និងព្យាបាលបាន» ឆាប់ៗនេះ បន្ទាប់ពីការសាកល្បងសារធាតុពីរប្រភេទបានបង្ហាញពីអត្រារស់រានមានជីវិតប្រសើរឡើងគួរឱ្យកត់សម្គាល់។ មានសារធាតុចំនួន ៤ ត្រូវបានដាក់សាកល្បងលើអ្នកជំងឺនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលជាកន្លែងមានការផ្ទុះឡើងនៃវីរុស។ ហើយសារធាតុពីរប្រភេទ ដែលទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ក្នុងចំណោមថ្នាំទាំង ៤ មានឈ្មោះថា REGN-EB3 និង mAb114 ។

យោងតាមមន្រ្តីសុខាភិបាលបានឱ្យដឹងថា សារធាតុទាំងនេះនឹងត្រូវប្រើសម្រាប់ព្យាបាលអ្នកជំងឺអេបូឡានៅសាធារណរដ្ឋកុងហ្គោ។ វិទ្យាស្ថានជាតិអាឡែរហ្សី និងជំងឺឆ្លងនៃសហរដ្ឋអាមេរិក (NIAID) ដែលបានឧបត្ថម្ភការសាកល្បងនេះបាននិយាយថា លទ្ធផលនេះគឺជាដំណឹងល្អសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺអេបូឡា។ ថ្នាំនេះត្រូវបានគេឱ្យដឹងថា មានប្រសិទ្ធភាពដោយសារវាវាយប្រហារវីរុសអេបូឡាជាមួយនឹងអង្គបដិប្រាណ (antibodies) បន្សាបឥទ្ធិពលរបស់វាទៅលើកោសិការបស់មនុស្ស។

នៅក្នុងការសិក្សាកន្លងមក ពួកគេបានសិក្សាលើថ្នាំចំនួន ៤ប្រភេទ ដោយក្នុងនោះមាន ២ប្រភេទ ទទួលបានជោគជ័យ។ អ្នកជំងឺដែលមានអត្រារស់រានពីសារធាតុ ២ប្រភេទ នេះក៏កំពុងស្ថិតក្នុងការសិក្សាបន្ដផងដែរ ដើម្បីប្រែក្លាយវាទៅជាមធ្យោបាយវេជ្ជសាស្ត្រផ្លូវការទៅថ្ងៃអនាគត។ អត្រានៃការរស់រានមានជីវិតក្នុងចំនោមអ្នកជំងឺ ដែលមានកម្រិតទាបនៃវីរុសនៅក្នុងឈាមរបស់ពួកគេ គឺខ្ពស់រហូតដល់ ៩៤% នៅពេលដែលពួកគេត្រូវបានគេសាកល្បងជាមួយ REGN-EB3 និង ៨៩% ពី mAb114 ៕

អត្ថបទ៖ លីដា