អន្តរជាតិ August 14, 2019 lyda
អាមេរិកនឹងពន្យាពន្ធគយ ១០% លើទំនិញចិនមួយចំនួន រហូតដល់ពាក់កណ្ដាលខែធ្នូ

រដ្ឋាភិបាលសហរដ្ឋអាមេរិកនិយាយថា ខ្លួននឹងពន្យារពេលការតំឡើងពន្ធ ១០ភាគរយ លើផលិតផលចិនមួយចំនួនរហូតដល់ថ្ងៃទី១៥ ខែធ្នូ។ ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃអង្គារនេះថា ពន្ធនឹងត្រូវពន្យាពេលសម្រាប់ទំនិញរួមមាន៖ ទូរស័ព្ទដៃ កុំព្យូទ័រយួរដៃ និងប្រដាប់ប្រដាមួយចំនួន។

ទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយថា ខ្លួននឹងដាក់ពន្ធបន្ថែមលើផលិតផលចិន ដែលមានតម្លៃ ៣០០ពាន់លានដុល្លារ ចាប់ពីថ្ងៃទី១ ខែកញ្ញា ផងដែរ ដែលការសម្រេចចិត្តនេះបានបង្កឱ្យមានការតវ៉ាពីប្រតិបត្តិករអាជីវកម្ម ព្រោះពន្ធគយកាន់តែខ្ពស់នឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់អាមេរិក។

យ៉ាងណាក៏ដោយរដ្ឋាភិបាលចិនបានបង្ហើបឱ្យដឹងថា ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He បាននិយាយតាមទូរស័ព្ទជាមួយតំណាងពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer កាលពីថ្ងៃអង្គារ ប៉ុន្តែព័ត៌មានលម្អិតនៃការជជែករបស់ពួកគេនៅមិនច្បាស់នៅឡើយ។ ប៉ុន្តែគេជឿថា ពួកគេបានពិភាក្សាពង្រីកការនាំចូលផលិតផលកសិកម្ម ក៏ដូចជាការបន្ធូរបន្ថយការរឹតបន្តឹងរបស់អាមេរិក លើក្រុមហ៊ុនទូរគមនាគមន៍យក្សចិន Huawei ៕

អត្ថបទ៖ លីដា