ព័ត៌មាន August 14, 2019 lyda
Bill Gates ផ្តល់មូលនិធិដើម្បីបញ្ឈប់ការប្រែប្រួលអាកាសធាតុ ដោយវិធីសាស្ត្របាញ់ផេះចូលទៅមណ្ឌលអាកាសស្ងប់ ប៉ុន្តែក្រុមអ្នករិះគន់ខ្លាចថា វាកាន់តែបង្កឱ្យមានគ្រោះមហន្តរាយ

លោក Bill Gates កំពុងគាំទ្រសំណើរមួយ ដែលមានគោលបំណងការពារការផ្លាស់ប្តូរអាកាសធាតុ តាមរយៈការបញ្ជូនធូលីកាល់ស្យូមកាបូណាត (calcium carbonate dust) ឡើងទៅលើរាប់សិបម៉ាយពីផ្ទៃដី និងបាញ់វាជុំវិញមណ្ឌលអាកាសស្ងប់ (stratosphere) ។ នេះគឺជាគម្រោងដែលមិនត្រឹមតែទទួលបានការគាំទ្រពីស្ថាបនិកក្រុមហ៊ុន Microsoft អាយុ ៦៣ឆ្នាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវបានត្រួសត្រាយដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហាវ៉ាដផងដែរ។

ផែនការបាញ់ធូលីផេះកាល់ស្យូមកាបូណាតនេះ គឺនឹងធ្វើឱ្យមានជាអ័ព្ទ ដើម្បីទប់ទល់នឹងពន្លឺព្រះអាទិត្យដ៏មហិមា ហើយកម្ដៅដែលចេញពីព្រះអាទិត្យនឹងត្រូវចាំងប្លាតទៅអវកាសវិញ ដែលវាអាចជាឱកាសសម្រាប់ផែនដីបានចុះកម្ដៅ។ ការពិតទៅការសិក្សានេះធ្លាប់បានចេញម្ដងរួចមកហើយកាលពីចុងឆ្នាំមុន ដោយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យហាវ៉ាដ គាត់បានយកលំនាំនេះចេញពីការមានបន្ទុះភ្នំភ្លើង ហើយសន្យាថានឹងយកវាមកសាកល្បងនៅក្នុងឆ្នាំនេះ។

គួរឱ្យដឹងដែរថា កាលពីឆ្នាំ ១៩៩១ ភ្នំភ្លើង Pinatubo ក្នុងប្រទេសហ្វីលីពីនបានផ្ទុះ និងសម្លាប់មនុស្ស ៧០០នាក់ ហើយ ២០០,០០០នាក់ ត្រូវបាត់បង់ជម្រក។ ក្នុងអំឡុងពេលភ្នំភ្លើងផ្ទុះ ស្ពាន់ធ័រឌីអុកស៊ីតត្រូវបានដុត ហើយសាយភាយផេះចូលទៅលំហរ និងបង្កើតបានជាអ័ព្ទ។ អ័ព្ទនេះវាបានបាំងកម្ដៅព្រះអាទិត្យ និងធ្វើឱ្យមានតំណក់អាស៊ីតស៊ុលហ្វួរីកនៅទូទាំងពិភពលោក ហើយធ្វើឱ្យចុះកម្តៅផែនដីបានប្រហែល ០.៥អង្សាសេ ក្នុងរយៈពេល ១៨ខែ មុនពេលវាផ្លាស់ប្តូរទៅភាពដើមវិញ។

ហេតុផលនេះផងដែរ វាបានជម្រុញចិត្តអ្នកវិទ្យាសាស្ត្រឱ្យសិក្សាបន្ថែមពីលំនាំនេះ ដើម្បីឈានដល់ការអនុវត្តជាក់ស្ដែង។ ហើយកម្មវិធីនេះមានឈ្មោះថា Stratospheric Controlled Perturbation Experiment (SCoPEx) និងមានតម្លៃ ៣លានដុល្លារអាមេរិក។ ប៉ុន្តែយ៉ាងណាក៏ដោយ មនុស្សជាច្រើននៅតែមានការភ័យខ្លាចថា SCoPEx អាចបង្កឱ្យមានប្រតិកម្មខ្សែសង្វាក់យ៉ាងធ្ងន់ធ្ងរ រួមទាំងគ្រោះរាំងស្ងួត និងខ្យល់ព្យុះ ដែលមានន័យថា វានឹងត្រូវរង់ចាំសិននៅពេលនេះ៕

អត្ថបទ៖ លីដា