ព័ត៌មាន August 14, 2019 lyda
អ្នកស្រុកប្រទេសនូវែលហ្សេឡង់ បានប្រគល់អាវុធចំនួនជាង ១០,០០០ដើម ទៅឱ្យរដ្ឋាភិបាលវិញ បន្ទាប់ពីការសម្លាប់រង្គាលនៅឯទីក្រុង Christchurch

កាសែត The Guardian បានរាយការណ៍ថា អ្នកស្រុកនៃប្រទេសនូវែលហ្សេឡង់បានប្រគល់អាវុធចំនួនជាង ១០,០០០ដើម ដល់រដ្ឋាភិបាលវិញ ក្នុងរយៈពេលតិចជាងមួយខែ ដែលវាជាផ្នែកមួយនៃកម្មវិធីទិញត្រឡប់មកវិញ និងបានចូលជាធរមាន បន្ទាប់ពីការសម្លាប់រង្គាលនៅឯទីក្រុង Christchurch កាលពីថ្ងៃទី១៥ ខែមីនា នៅឯវិហារអ៊ីស្លាម ២ កន្លែង។ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តីអ្នកស្រី Jacinda Ardern បានត្រៀមថវិកាចំនួន ១០០លានដុល្លារ ដើម្បីទិញកាំភ្លើងមកវិញ ចំពេលប្រទេសបានជម្រុញ ដើម្បីហាមឃាត់អាវុធពាក់កណ្តាលស្វ័យប្រវត្តិបែបយោធា។

អ្នកស្រី Jacinda Ardern បាននិយាយថា៖ «ខ្ញុំមិនអាចដឹងថា តើអាវុធដែលអាចបង្កការបំផ្លិចបំផ្លាញ និងការស្លាប់ទ្រង់ទ្រាយធំបែបនេះ អាចទទួលបានដោយស្របច្បាប់នៅក្នុងប្រទេសនេះដោយរបៀបណានោះទេ» ។ គាត់បានបន្ថែមថា គាត់ពិបាកនឹងស្រមៃគិតដល់គ្រាប់កាំភ្លើង ដែលបានបាញ់ទៅជនរងគ្រោះណាស់ ព្រោះថារបួសទាំងនោះមិនមែនមួយថ្ងៃ ឬមួយអាទិត្យនឹងជានោះទេ។ ជនរងគ្រោះត្រូវការព្យាបាលរយៈពេលវែង ហើយជនរងគ្រោះខ្លះអាចនឹងត្រូវមានពិការភាពពេញមួយជីវិត ដូច្នេះគាត់នឹងនៅទីនេះសម្រាប់គ្រប់គ្នា។ គួររលឹកដែរថា កម្មវិធីទិញត្រឡប់មកវិញ បានចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា ហើយអាវុធសរុបចំនួន ១០,២៤២ ត្រូវបានប្រគល់ទៅឱ្យប៉ូលីសវិញផងដែរ៕

អត្ថបទ៖ លីដា