ព័ត៌មាន August 14, 2019 lyda
លោក ដូណាល់ ត្រាំ បាននិយាយថា ចិនមិនមែនជាប្រទេសកំពុងអភិវឌ្ឍន៍នោះទេ ប៉ុន្តែបានកេងចំណេញពី WTO

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ឥណ្ឌា និងចិន លែងជាប្រទេស «កំពុងអភិវឌ្ឍន៍» ហើយ ប៉ុន្តែពួកគេកំពុង «ទាញយកផលប្រយោជន៍» ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្រោមស្លាកថាប្រទេសកំពុងអភិវឌ្ឍន៍នេះ ហើយលោកនឹងមិនអនុញ្ញាតឱ្យរឿងនេះវាកើតឡើងទៀតទេ។ លោក ត្រាំ ដែលប្រកាន់យកគោលនយោបាយ «អាមេរិកមុនគេ» បានធ្វើការរិះគន់យ៉ាងខ្លាំងចំពោះប្រទេសឥណ្ឌា ចំពោះការយកពន្ធលើផលិតផលយ៉ាងច្រើនរបស់អាមេរិក ហើយបានចាត់ទុកប្រទេសនេះជា «ស្តេចពន្ធគយ»។

ហើយចំណែកបច្ចុប្បន្នវិញ សហរដ្ឋអាមេរិក និងចិនកំពុងជាប់ទាក់ទងនឹងសង្គ្រាមពាណិជ្ជកម្មដ៏គួរឱ្យធុញទ្រាន់ បន្ទាប់ពីលោក ត្រាំ បានដាក់ពន្ធគយលើទំនិញចិន ហើយទីក្រុងប៉េកាំងបានសងសឹកវិញទៅវិញទៅមក។ កាលពីដើមខែកក្កដា លោក ត្រាំ បានស្នើសុំឱ្យអង្គការពាណិជ្ជកម្មពិភពលោក កំណត់របៀបនៃការដាក់នាមជាប្រទេសកំពុងអភិវឌ្ឍ។ ដោយសារអាមេរិកគិតថា ប្រទេសមួយចំនួនរួមមាន៖ ចិន, តួកគី និងឥណ្ឌា មិនសមមានឈ្មោះជា «ប្រទេសកំពុងអភិវឌ្ឍន៍» នោះទេ ហើយគេគិតថា ប្រទេសទាំងនោះយកវាស្លាកនេះជាលេស ដើម្បីទទួលបានការអនុគ្រោះពន្ធ។

នៅក្នុងអនុស្សរណៈលោក ត្រាំ បានផ្តល់សិទ្ធិអំណាចដល់អ្នកតំណាងពាណិជ្ជកម្មអាមេរិក (USTR) ឱ្យចាប់ផ្តើមចាត់វិធានការដាក់ទណ្ឌកម្ម ប្រសិនបើសេដ្ឋកិច្ចជឿនលឿនណាមួយកំពុងទទួលបានផលប្រយោជន៍ពីភាពធ្វេសប្រហែសរបស់អង្គការពាណិជ្ជកម្មពិភពលោក។ ថ្លែងទៅកាន់ការជួបជុំនៅឯរដ្ឋផេនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃអង្គារ លោក Trump បាននិយាយថា ឥណ្ឌា និងចិន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរមកពីអាស៊ី លែងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយ ដូចជាពួកគេនេះមិនសមអាចទទួលបានអត្ថប្រយោជន៍ពីអង្គការពាណិជ្ជកម្មពិភពលោកនោះទេ៕

អត្ថបទ៖ លីដា