សង្គម August 15, 2019 Khmernote
លើកមុនជិះកង់ពិនិត្យមើលផ្លូវ លើកនេះឯកឧត្តម ស៊ុន ចាន់ថុល នាំមន្ត្រីក្រោមឱវាទរត់ហាត់ប្រាណពិនិត្យស្ថានភាពផ្លូវវិញម្តង

ខេត្តសៀមរាប៖ នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំ ថ្នាក់ដឹកនាំក្រសួង មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទរត់ហាត់ប្រាណតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ក៏ដូចជាត្រួតពិនិត្យស្ថានភាពផ្លូវផងដែរ។

ក្រៅពីការជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបន្តលើកទឹកចិត្តឱ្យមន្ត្រីក្រោមឱវាទ រត់ហាត់ប្រាណដើម្បីទទួលបាននូវសុខភាពល្អ និងជាពិសេសថែមទាំងអាចពិនិត្យស្ថានភាពផ្លូវជាក់ស្តែង និងជួសជុលទាន់ពេលក្នុងករណីឃើញមានផ្លូវខូចខាត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ក៏បានចែករំលែកចំណេះដឹងពីក្បួនខ្នាតត្រឹមត្រូវក្នុងការរត់ហាត់ប្រាណលើផ្លូវសាធារណៈ ដែលតម្រូវឱ្យរត់បញ្រ្ចាសទិញចរាចរណ៍ដេីម្បី​អាចជៀសវាងហានិភ័យផ្សេងៗចំពោះមុខ​ដែលអាចកេីតមាន។ ដោយឡែកការរត់ស្របទិសចរាចរណ៍​ អ្នករត់មិនអាចដឹងពីស្ថានភាពចរាចរណ៍ខាងក្រោយ​ ដោយមិនអាចងាកមេីលក្រោយ​ និងបញ្ចៀសហានិភ័យបាន។ លើសពីនេះទៅទៀត ឯកឧត្តម ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលរត់តាមដងផ្លូវសាធារណ:មេត្តាគោរពក្បួនខ្នាត​ដោយរត់បញ្ច្រាសទិស ដេីម្បីអាចជៀសវាងហានិភ័យផ្សេងៗបាន៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន