រថយន្ត August 15, 2019 lyda
Kia ទើបតែដាក់បង្ហាញរថយន្ត Mohave ស៊េរី ២០២០ កាលពីម្សិលមិញ ហើយវានឹងត្រៀមចេញជាផ្លូវការណ៍នៅខែក្រោយ

កាលពីរាត្រីថ្ងៃពុធម្សិលមិញ ក្រុមហ៊ុន Kia បានដាក់បង្ហាញនូវរថយន្តចំណូលថ្មីម៉ាក Mohave នៅឯប្រទេសកូរ៉េខាងត្បូង។ វាជាប្រភេទ SUV ខ្នាតមធ្យម ដែលវាជាការកែប្រែលម្អចេញពីម៉ូដែល Borrego ដែលជាម៉ូដែលលក់ដាច់បំផុតមួយនៅទីផ្សារអាមេរិកកាលពីមួយទសវត្សរ៍មុន។ មិនមានការចង្អុលបង្ហាញណាមួយដែលថា Mohave គឺទុកបម្រុងសម្រាប់លក់ក្នុងស្រុក (កូរ៉េ) នោះទេ ប៉ុន្តែបើសង្កេតមើលទៅទីផ្សាររថយន្តប្រភេទ Crossovers និង SUVs សព្វថ្ងៃនេះ វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេដែលថា Kia នឹងដាក់លក់វានៅទីផ្សារអន្តរជាតិ។

ចំពោះការរចនារបស់ Mohave យើងឃើញថា វាបំពាក់ដោយយ៉ាន់ស្ព័រ ៦កាំ (six-lug wheel) ដែលមានន័យថា វារឹងមាំ និងមានសមត្ថភាពខ្ពស់ ក្នុងការបើកបរនៅលើផ្លូវពិបាកៗ (off-road) ដែលអាចនិយាយបានថា Mohave ខ្លាំងជាងម៉ូដែល Telluride ដែលជាប្រភេទ SUV ដូចគ្នាក្នុងគ្រួសារ Kia ។ ចំពោះការរចនារបស់វាវិញ គឹស្អាតមែនទែន ដែលសាកសមសម្រាប់អ្នកដែលស្រឡាញ់រថយន្តរឹងមាំ និងមានភាពទាន់សម័យ។

រថយន្តនេះបំពាក់ដោយម៉ាស៊ីនម៉ាស៊ូត V6 ទំហំចំណុះ ៣.០លីត្រ សម្រាប់ប្រភេទធម្មតា ហើយវាអាចនឹងមានភ្ជាប់ជាមួយជម្រើស V6 ទំហំចំណុះ ៣.៨លីត្រ និង V6 ទំហំចំណុះ ៤.៦លីត្រ ផងដែរ។ យ៉ាងណាក៏ដោយវាគួរឱ្យស្ដាយបន្ដិច ដោយសារ Kia នៅមិនទាន់ប្រាប់លម្អិតអំពីមុខងារឆ្លាតវៃ ក៏ដូចជាកម្លាំង និងល្បឿនរបស់ម៉ូដែលនេះនៅឡើយទេ៕

អត្ថបទ៖ លីដា