បច្ចេកវិទ្យា August 16, 2019 lyda
ឧទ្ធម្ភាគចក្រដើរដោយថាមពលថ្មដំបូងគេរបស់ន័រវែសបានធ្លាក់ចូលក្នុងបឹង ដែលធ្វើឱ្យបំណងប្រើប្រាស់មធ្យោបាយដឹកជញ្ជូនមិនប៉ះពាល់បរិស្ថានត្រូវរលាយ

រ៉យទ័របានរាយការណ៍ថា ឧទ្ធម្ភាគចក្រដើរដោយថាមពលថ្មដំបូងគេរបស់ន័រវែស បានធ្លាក់ចូលបឹងកាលពីម្សិលមិញ។ ខណៈដែលគ្មាននរណាម្នាក់រងគ្រោះថ្នាក់ក្នុងឧប្បត្តិហេតុនេះ វាអាចជារឿងមិនល្អសម្រាប់ប្រទេសនេះនោះទេ ព្រោះពួកគេធ្លាប់សង្ឃឹមថា ខ្លួននឹងផ្តល់ការហោះហើរដោយថាមពលថ្មនេះ សម្រាប់ក្នុងស្រុកឱ្យបានត្រឹម ឆ្នាំ២០៤០ ។ វានៅតែមិនទាន់ច្បាស់ថា ហេតុអ្វីបានជាយន្តហោះអគ្គិសនីម៉ូដែល Alpha Electro G2 រលត់ម៉ាស៊ីន និងធ្វើឱ្យធ្លាក់ចូលទឹក នៅអំឡុងពេលអ្នកបើកបរត្រឡប់ទៅព្រលានវិញនោះទេ។

យន្ដហោះនេះជារបស់ក្រុមហ៊ុន Avinor ដែលជាប្រតិបត្តិករអាកាសយានដ្ឋានគ្រប់គ្រងដោយរដ្ឋ ហើយវាត្រូវបានហោះហើរដោយនាយកប្រតិបត្តិ Dag Falk-Petersen ។ ការធ្លាក់នេះបានកើតឡើងនៅពេលប្រទេសន័រវេស កំពុងព្យាយាមកាត់ផ្តាច់ទំនាក់ទំនងជាមួយឥន្ធនៈហ្វូស៊ីល ដែលវាបំផ្លាញដល់បរិស្ថាន។ ដោយសារតែភូមិសាស្ត្រប្លែករបស់ទឹកដីប្រទេសនេះ ដូច្នេះការធ្វើដំណើរតាមផ្លូវ និងផ្លូវដែកមិនមានប្រសិទ្ធិភាពនោះទេ ហើយមនុស្សភាគច្រើនប្រើជើងហោះហើរ ដើម្បីឆ្លងពីទីក្រុងមួយទៅទីក្រុងមួយទៀត។

ពួកគេធ្លាប់ស្រមៃចង់ឱ្យការហោះហើរដោយថាមពលថ្មត្រូវអនុវត្ត​ឱ្យបានច្រើនទូទាំងប្រទេស ប៉ុន្តែការធ្លាក់ពីម្សិលមិញនេះអាចនឹងធ្វើឱ្យពួកគេផ្អាកគំនិតនេះវិញ ហើយត្រូវសិក្សាបន្ថែមទៀត។ ហើយនេះជាមេរៀនមួយ ដើម្បីឈានដល់ការធានានូវសុវត្ថិភាពរបស់អ្នកដំណើរ ព្រោះគ្មាននរណាហ៊ានប្រថុយនឹងអ្វីដែលគ្មានការទុកចិត្តនោះទេ ប៉ុន្តែពួកគេក៏ត្រូវស្តារការទុកចិត្តខ្លះឡើងវិញដែរ៕

អត្ថបទ៖ លីដា