បច្ចេកវិទ្យា August 17, 2019 Khmernote
វៀតណាមធ្វើយ៉ាងណាឲ្យមានអ្នកប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ខ្លួនឲ្យបាន ៥០លាននាក់នៅឆ្នាំ២០២១

វៀតណាមបានបង្កើតបណ្តាញសង្គមផ្ទាល់ខ្លួនរបស់មួយ ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន​ Facebook។ បណ្តញសង្គមថ្មីរបស់វៀតណាមនេះមានឈ្មោះថា Gapo មានមុខងារអាច Chat, Post និងមុខងារកសំខាន់ៗជាច្រើនទៀត ស្រដៀងគ្នាទៅនឹងបណ្តាញសង្គម Facebook ដែរ។ បណ្តាញសង្គម Gapo ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Gapo Technology ដែលមានមូលដ្ឋានៅក្នុងទីក្រុងហាណូយប្រទេសវៀតណាមផ្ទាល់តែម្តង។

គេបានកត់សម្គាល់ថា វត្តមានរបស់បណ្តាញសង្គម Gapo  បានលេចឡើងមួយសប្តាហ៍ក្រោយលោក Nguyen Manh Hung រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងទំនាក់ទំនងវៀតណាមបានប្រាក់អ្នកសារព័ត៌មានក្នុងស្រុកថា គាត់ចង់ឲ្យមានបណ្តាញសង្គមជាតិវៀតណាមសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជំនួសបណ្តាញសង្គមរបស់បរទេស។ បើតាមលោក Ha Trung Kien អគ្គនាយករបស់ក្រុមហ៊ុន Gapo Technology បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្ននេះមានប្រជាជនវៀតណាមប្រមាណជា ៦០ លាននាក់ក្នុងចំណោម ៩៦ លាននាក់ កំពុងពេញនិយមក្នុងការប្រើប្រាស់បណ្តាញសង្គម Facebook ជាខ្លាំង។

លោកបានបន្តថា តាមផែនការក្រុមហ៊ុនរបស់លោកគ្រោងនឹងចាប់យកអ្នកប្រើប្រាស់ប្រមាណជា ៥០ លាននាក់នៅក្នុងឆ្នាំ ២០២១ ឲ្យមកប្រើប្រាស់បណ្តាញសង្គម Gapo វិញ។ អគ្គនាយករូបនេះក៏បានបង្ហាញអំពីឆន្ទៈក្នុងការដណ្ដើមយកអ្នកប្រើប្រាស់នៅក្រៅស្រុកផងដែរក្នុងពេលអនាគត តែក្នុងជំហ៊ានដំបូងនេះ Gapo ចង់ទាក់ទាញឲ្យមានអ្នកប្រើប្រាស់ក្នុងស្រុកត្រឹមតែ ៥០ លាននាក់សិនប៉ុណ្ណោះត្រឹមឆ្នាំ ២០២១៕

អត្ថបទ៖ ភក្តី