រថយន្ត August 17, 2019 lyda
ញាក់សាច់! Bugatti Centodieci កម្លាំង 1,578សេះ ដែលជាការផលិតដើម្បីគោរពដល់ម៉ូដែល EB110 Super និងមានតម្លៃជិត 9,000,000 ដុល្លារអាមេរិក

ថ្មីៗនេះមានការបែកធ្លាយចេញនូវរូបរាងពិតរបស់ Bugatti ម៉ូដែលថ្មី ដែលត្រូវបានបង្ហោះពេញបណ្ដាញអ៉ីនធឺណិតមុនថ្ងៃបង្ហាញជាផ្លូវការ ហើយជាក់ស្តែងវាពិតជាមានរូបរាងដូចដែលបានបែកធ្លាយមែន។ ជាពិសេសទាក់ទិននឹងការបំផុសគំនិតរចនារបស់ Bugatti Centodieci ត្រូវបានគេឱ្យដឹងថា មានមូលដ្ឋានដូចជាម៉ូដែល Chiron ហើយក៏ស្រដៀងគ្នានឹង Divo ជាពិសេសវាជាប្រភេទមានតែមួយ (គ្មានតជំនាន់) ដូចម៉ូដែល La Voiture Noire ដែរ។

វាជាការបង្កើតឡើងដើម្បីគោរពដល់ម៉ូដែល Bugatti EB110 Super Sport ដែលជាម៉ូដែលជំនាន់ 1990 ។ សម្រាប់ម៉ាស៊ីន និងកម្លាំងរបស់វា គឺវាបំពាក់ដោយម៉ាស៊ីន W16 ទំហំចំណុះ 8.0លីត្រ ដែលអាចមានកម្លាំងរហូតដល់ 1,578សេះ (1,176kW/1,600PS) ដែលមានន័យថា វាខ្លាំងជាង Chiron ប្រហែល 99សេះ (74kW/100PS) ។

ម៉ូដែលនេះមានសន្ទុះល្បឿនពី 0-100 គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ 2.4វិនាទី , 0-200 ក្នុងរយៈពេលត្រឹមតែ 6.1វិនាទី និង 0-300 រយៈពេលតែ 7វិនាទី ហើយចំពោះល្បឿនអតិបរមារបស់វាគឺ 380គីឡូម៉ែត្រ/ម៉ោង ។ វានឹងផលិតឡើង 10គ្រឿង តែប៉ុណ្ណោះ ហើយចំពោះតម្លៃវិញគឺប្រហែលជា 8,900,000 ដុល្លារអាមេរិក៕

អត្ថបទ៖ លីដា