PR August 17, 2019 Khmernote
Tinh Tinh ម្ពោធជាផ្លូវការ និងបានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនធំៗ ជាច្រើន

ភ្នំពេញ ៖ Tinh Tinh ជា Web Page លក់ទំនិញតាមអនឡាញដ៏ធំមួយ ត្រូវបានដាក់សម្ពោធជាផ្លូវការ និងបានចុះអនុស្សារណៈ ជាមួយក្រុមហ៊ុនធំៗ មួយចំនួន កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅអាគារប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួម ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប្រៃសណីយ៍កម្ពុជា លោកស្រី មាស សុភារី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន រួមទាំងអ្នកវិនិយោគជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។

ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន បានមានប្រសាសន៍ថា Tinh Tinh ជាទម្រង់សេវាដ៏ចាំបាច់ ក្នុងបរិយាកាសសង្គម និងនិន្នាការសេដ្ឋកិច្ច ពិភពលោក នាពេលបច្ចុប្បន្ននេះ។ ក្នុងរយៈពេលជាង២ទស្សវត៍ ចុងក្រោយនេះ ជាមួយស្ថានភាពនយោបាយ និងស្ថេរភាពមាក្រូសេដ្ឋកិច្ច កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ គួរអោយកត់សម្គាល់ ជាមធ្យម៧ភាគរយ ក្នុងមួយឆ្នាំ ហើយបានប្រែក្លាយខ្លួនពីប្រទេសដែលមានចំណូលកម្រិតទាប មកមធ្យម។

ឯកឧត្តម ត្រាំ អ៊ីវតឹក មានប្រសាសន៍បន្តថា កម្ពុជាមិនត្រឹមតែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានសម្រេចផងដែរ នូវការផ្លាស់ប្តូររចនាសម្ព័ន្ធ សេដ្ឋកិច្ច ពីប្រទេសដែលមានសេដ្ឋកិច្ច ពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា យើងស្ថិតនៅក្នុងសម័យកាលមួយ ដឌលបច្ចេកវិទ្យា មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយបច្ចុប្បន្នចូលដល់ បដិវត្តន៍ឧស្សាហកម្មទី៤ ឆ្នាំក្រោយនឹងចេញនៅ បច្ចេកវិទ្យាទូរគមនាគមន៍ ជំនាន់ទី៥ ដែលយើងហៅថា ហ្វាយជី (5G)។

លោកស្រី មាស សុភារី ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនប្រៃសណីយ៍កម្ពុជា អ៊ីសូលូសិន បានអោយដឹងថា Tinh Tinh ជា Web Page លក់ទំនិញតាមអនឡាញ ដែលត្រូវបានចេញវិញ្ញាប័ណ្ណបត្រទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្រោមឈ្មោះ Cambodia Post e-Solution PLC ដែលបានសហប្រតិបត្តិការជាដៃគូរជាមួយប្រៃសណីយ៍កម្ពុជា។ Cambodia Post e-Solution គឺជាក្រុមហ៊ុនដែលបានសហការរួមគ្នាជាមួយនិងប្រៃសនីយ៍កម្ពុជា ដោយចាប់ផ្តើមពីការងារដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិច (E-Commerce) និងជាភ្នាក់ងារកណ្តាល Cambodia Post e-Solution បានផ្តល់ជូននូវសេវាកម្មអនឡាញ ដែលមានលក្ខណៈទូលំទូលាយ និងរួមបញ្ចូលគ្នា លើគ្រប់់វិស័យ។

លោកស្រីបន្តថា ជាមួយនិងការជួយគាំទ្រពីប្រៃសណីយ៍កម្ពុជា Tinh Tinh Shop គឺនឹងក្លាយជាវេទិកាពាណិជ្ជកម្មឆ្លងតំបន់តាមប្រព័ន្ធអ៊ីនធឺណេត ជាផ្លូវការ លើកដំបូងក្នុងប្រទេស ហើយយើងក៏បានតាំងចិត្តយ៉ាងមុតមាំ ក្នុងការផ្តល់ជូននូវផលិតផលដែលមានគុណភាពល្អបំផុតជុំវិញពិភពលោក មកកាន់ប្រទេសកម្ពុជា និងក្នុងការជួយពាណិជ្ជកម្ម ខ្មែរដើម្បីលក់ផលិតផលរបស់ពួកគេទៅកាន់ប្រទេស ផ្សេងៗផងដែរ។

លោកស្រីបញ្ជាក់បន្ថែមថា Tinh Tinh បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងសេវាកម្មល្អ និងពុះពារដើម្បីបង្កើតបរិយាទិញទំនិញប្រកបដោយផាសុខភាព និងភាពរីករាយជូនអតិថិជន។ ចំពោះរបៀបទូទាត់ប្រាក់ដ៏មានសុវត្ថិភាពបំផុតជាមួយនិងការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លើសពីនេះទៀតសម្រាប់អ្នកលក់ក្នុង ស្រុក ដោយមិនមានគិតថ្លៃសេវាសម្រាប់ការចូលរួមជាមួយ Tinh Tinh នេះឡើយ។

លោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ប្រៃសណីយ៍កម្ពុជា ក៏បានថ្លែងអោយដឹងដែរថា ផ្សរអនឡាញ (Online Shopping or E-Commerce) ជាប្រព័ន្ធអនឡាញធានាអោយអ្នកជំនួញអាចលក់សេវាកម្ម និងផលិតផល ដោយបច្ចុប្បន្ន មានទំនិញប្រមាណជា១ម៉ឺនមុខ ហើយ ដែលត្រូវបានដាក់លក់ មានដូចជា ឧបករណ៍អគ្គិសនី គ្រឿងសង្ហារឹមម ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយ គ្រឿងសំអាង និងផលិតផលក្នុងស្រុក ក្រៅស្រុកជាច្រើនទៀត។ លើសពីនេះ អ្នកជំនួញ សហគ្រាសធនតូច និងមធ្យមនៅកម្ពុជា អាចប្រើប្រាស់ជាកន្លែងដែលអាចផ្សព្វផ្សាយ លក់ និងទំនាក់ទំនង អតិថិជន យ៉ាងទូលំទូលាយ ទូទាំងប្រទេស និងទៅកាន់ពិភពលោកទាំងមូល៕