រថយន្ត August 26, 2019 lyda
រថយន្ត Tesla ដែលនាំចូលប្រទេសចិននឹងត្រូវឡើងថ្លៃនៅចុងខែនេះ ហើយអាចនឹងកើនឡើងថែមទៀតនៅខែធ្នូ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla Inc (TSLA.O) នឹងដំឡើងថ្លៃលក់នៅប្រទេសចិននៅថ្ងៃសុក្រ ទី៣០ ខែសីហានេះ ដែលឆាប់ជាងការគ្រោងទុកទៅទៀត ហើយវាក៏កំពុងពិចារណាដំឡើងថ្លៃម្តងទៀតនៅក្នុងខែធ្នូ ប្រសិនបើពន្ធគយចិនលើរថយន្តដែលផលិតនៅសហរដ្ឋអាមេរិកនឹងមានប្រសិទ្ធិភាព។ យ៉ាងណាក៏ដោយអ្នកតំណាងក្រុមហ៊ុន Tesla នៅមិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះសំណើរបស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយនោះទេ នៅថ្ងៃច័ន្ទនេះ។ ហើយក្រុមហ៊ុននេះ ស្ថិតក្នុងចំណោមអ្នករងផលប៉ះពាល់ជាច្រើនជាងគេ ពីសង្គ្រាមពាណិជ្ជកម្មចិន-អាមេរិក។

បច្ចុប្បន្ននេះក្រុមហ៊ុនបាននាំចូលរថយន្តទាំងអស់ ដែលពួកគេកំពុងលក់នៅក្នុងប្រទេសចិន (ថ្មីបើមានរោងចក្រធំ ដែលទើបនឹងកសាងរួចក៏ដោយ) ហើយពួកគេត្រូវធ្វើការកែសម្រួលតម្លៃជាច្រើនដងក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារការផ្លាស់ប្តូរពន្ធ។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍នៅខែនេះថា ក្រុមហ៊ុន Tesla កំពុងពិចារណាក្នុងការដំឡើងថ្លៃទំនិញនៅក្នុងប្រទេសចិនចាប់ពីខែកញ្ញា បន្ទាប់ពីប្រាក់យ័នធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងដុល្លារអាមេរិក។

ប្រភពមួយបានប្រាប់រ៉យទ័រនៅថ្ងៃច័ន្ទនេះថា ក្រុមហ៊ុនផលិតរថយន្ត Tesla កំពុងតែពិចារណាដំឡើងថ្លៃបន្ថែមទៀតនៅក្នុងខែធ្នូ បន្ទាប់ពីក្រសួងពាណិជ្ជកម្មចិនកាលពីសប្តាហ៍មុនបានប្រកាសថា ខ្លួននឹងដំឡើងពន្ធ ២៥% លើយានយន្ត និង ៥% លើគ្រឿងបន្លាស់រថយន្ត ដែលខ្លួនធ្លាប់បានព្យួរកាលពីខែធ្នូ ដោយសារតែការកើនឡើងនៃសង្គ្រាមពាណិជ្ជកម្មនេះ៕

អត្ថបទ៖ លីដា