Apple បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 13 ប្រភេទ Beta ដើម្បីឱ្យអ្នកអភិវឌ្ឍន៍អាចទាញយកមកប្រើសាកល្បងបានហើយ
បច្ចេកវិទ្យា August 28, 2019 lyda

Apple នឹងមិនរង់ចាំយូរ ក្នុងការបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS 13 ដើម្បីចាប់ផ្តើមសាកល្បង ការអាប់ឌែតដ៏ធំដំបូងរបស់ខ្លួននោះឡើយ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានបញ្ចេញ iOS 13.1 ថ្មីបំផុតប្រភេទជា Beta ដើម្បីឱ្យអ្នកអភិវឌ្ឍន៍អាចចូលទៅទាញយកមកប្រើប្រាស់បាន ក៏ដូចជា iPadOS 13.1 beta មុននឹងចេញឱ្យប្រើប្រាស់ជាផ្លូវការ សម្រាប់រាល់អ្នកប្រើប្រាស់ឧបករណ៍ចល័ត Apple ទាំងអស់ឆាប់ៗនេះ។

ប្រហែលជាមានអ្នកប្រើប្រាស់មួយចំនួនអាចនឹងឆ្ងល់ថា ហេតុអ្វីបានជាប្រភេទ Beta តែងចេញឱ្យអ្នកអភិវឌ្ឍន៍ (Developer) ប្រើប្រាស់បានមុន ស្របពេលដែលការពិតទៅវាដូចតែគ្នាជាមួយប្រភេទមូលដ្ឋាន? ការពិតទៅគេឱ្យអ្នកអភិវឌ្ឍន៍បានប្រើប្រាស់មុន ដោយសារ Apple រង់ចាំការឱ្យយោបល់ត្រឡប់មកវិញពីអ្នកអភិវឌ្ឍន៍ទាំងនោះ ដើម្បីកែតម្រូវចន្លោះដែលខ្វះខាត។

វាក៏មិនប្រាកដនោះទេថា ហេតុអ្វីបានជាក្រុមហ៊ុន Apple បញ្ចេញកំណែ iOS 13 ប្រភេទ beta នេះឆាប់ម៉្លេះ? ទោះបីជាការពិតពួកគេអាចមានពេលច្រើនដើម្បីដាក់បង្ហាញនៅខែកញ្ញា តាមទម្លាប់របស់ក្រុមហ៊ុននេះក្នុងការបញ្ចេញស្នាដៃថ្មីៗរបស់ខ្លួនក៏ដោយ បូករួមជាមួយនឹងការសម្ពោធកម្មវិធីទូរទស្សន៍ TV+, Apple Arcade និងឧបករណ៍ចល័តថ្មីៗ៕

អត្ថបទ៖ លីដា