រថយន្ត September 3, 2019 lyda
ក្រុមហ៊ុន Tesla បានឈ្នះការលើកលែងពន្ធ ១០% ពីប្រទេសចិន បន្ទាប់ពីលោក Elon Musk បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ

កាសែត Caixin Global បានរាយការណ៍ថា ក្រុមហ៊ុន Tesla ទើបតែបានឈ្នះការលើកលែងពន្ធ ១០ភាគរយ ពីប្រទេសចិនលើការលក់រថយន្តរបស់ខ្លួន ដែលការលើកលែងនេះវាបានបញ្ចៀសភាពតានតឹងពាណិជ្ជកម្ម បន្ទាប់ពីនាយកប្រតិបត្តិ Tesla លោក Elon Musk បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសនេះ។ ក្រសួងឧស្សាហកម្មរបស់ចិនបាននិយាយកាលពីថ្ងៃសុក្រនៅលើគេហទំព័ររបស់ខ្លួនថា ការលើកលែងដែលជាធម្មតាត្រូវបានបម្រុងទុកសម្រាប់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីក្នុងស្រុក នឹងមានប្រសិទ្ធភាពលើរថយន្ត Tesla ទាំងអស់ ដែលបានលក់នៅក្នុងប្រទេសចិន។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ស្រាប់តែបានកើនឡើងរហូតដល់ ៤.៨% ភ្លាមៗបន្ទាប់ពីមានការលើកលែងនេះ។ ការផ្តល់សម្បទានរបស់ប្រទេសចិន ទៅដល់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតមួយរបស់អាមេរិកនេះ បានកើតឡើងចំពេលដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានភាពមិនច្បាស់លាស់។ ហើយការលើកលែងពន្ធគយនេះក៏បានបង្ហាញផងដែរថា ប្រទេសចិនដែលជាទីផ្សាររថយន្តធំបំផុតរបស់ពិភពលោក កំពុងបើកទូលាយជានិច្ចនូវការប្រកួតប្រជែង៕

អត្ថបទ៖ លីដា