រថយន្ត September 5, 2019 lyda
Taycan រថយន្តអគ្គិសនីដំបូងបំផុតរបស់ Porsche បង្ហាញខ្លួនជាផ្លូវការ

នៅថ្ងៃទី០៤ ខែកញ្ញា ក្រុមហ៊ុន Porsche បានដាក់បង្ហាញរថយន្តធុនតូចអគ្គិសនីដំបូងរបស់ខ្លួន ដែលមានឈ្មោះថា Taycan ។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងល្អិតល្អន់ ដែលធ្វើឡើងនៅទីតាំងចំនួនបីផ្សេងគ្នានៅជុំវិញពិភពលោកក្នុងពេលដំណាលគ្នាគឺកាណាដា ចិន និងអាឡឺម៉ង់។ ម៉ូដែល Taycan មានសន្ទុះល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង តិចជាង ៣.៥វិនាទី ហើយមានសន្ទុះល្បឿនពី ០-២០០គីឡូម៉ែត្រ/ម៉ោង ត្រឹមតែរយៈពេល ១២វិនាទី ប៉ុណ្ណោះ ចំណែកឯល្បឿនអតិបរិមារបស់វាគឺ ២៥០គីឡូម៉ែត្រ/ម៉ោង ។

ថ្មសាក lithium-ion របស់វា គឺមានថាមពល ៩០គីឡូវ៉ាត់ ហើយសម្រាប់ប្រភេទទំនើបបំផុតរបស់វាគឺ Taycan Turbo S អាចជិះបានរហូតដល់ ៤៥០ គីឡូម៉ែត្រ (ពេលសាកពេញម្ដង) និងអាចបញ្ជូលថ្មបាន ៨០% ត្រឹមតែរយៈពេល ១៥នាទី ប៉ុណ្ណោះ (fast charging) ។ ការពិតទៅ Porsche បានបង្ហាញគំរូដើមរបស់ Taycan ដំបូងបង្អស់តាំងពីឆ្នាំ ២០១៥ ដោយកាលនោះវាមានឈ្មោះថា Mission E ប៉ុន្តែមិនប៉ុន្មានក្រុមហ៊ុន Volkswagen Group ក៏បែកធ្លាយរឿងអាស្រូវរំលោភបំពានច្បាប់អាកាសបរិសុទ្ធ ទើបគម្រោងត្រូវអូសបន្លាយរហូតដល់ពេលនេះ។

អត្ថបទ៖ លីដា