សង្គម September 7, 2019 mesa mesa
ថៃក្រាលកម្រាលបៃតងពិសេសម្រាប់ឲ្យម៉ូតូឈប់រង់ចាំភ្លើងស្តុប ដើម្បីបញ្ចៀសការកកស្ទះ និងការជ្រែកប្រលោះឡាន បើអ្នកបើកឡានឈប់លើកម្រាលនេះ នឹងត្រូវពិន័យ៥០០បាត

ថៃ៖ ជារៀងរាល់ឆ្នាំករណីគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ តែងមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យរាជរដ្ឋាភិបាលព្យាយាមធ្វើការកាត់បន្ថយដោយពង្រឹងបន្ថែមនូវច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះមិនត្រឹមតែអាចបញ្ចៀសគ្រោះថ្នាក់នោះទេ តែវាក៏អាចកាត់បន្ថយការកកស្ទះបានដែរ។ បើនិយាយពីរឿងកកស្ទះចរាចរណ៍វិញ អ្នកធ្លាប់ធ្វើដំណើរទៅកម្សាន្តនៅប្រទេសថៃមុខជាដឹងច្បាស់ជាក់ជាមិនខាន ថាមានភាពមមាញឹកយ៉ាងណានោះ គឺថាស្ទះផ្លូវរាប់ម៉ោងតែម្តងជាពិសេសនៅពេលដែលម៉ោងចូលធ្វើការ និងម៉ោងកូនសិស្សចេញពីរៀន។

ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍ ពេលនេះខាងរាជរដ្ឋាភិបាលបានបញ្ចេញគម្រោងថ្មីមួយ ដោយការក្រាលកម្រាលពណ៌បៃតងនៅពីក្រោយគំនូសសកាត់ទទឹងសម្រាប់អ្នកថ្មើជើងឆ្លងកាត់។ កម្រាលពណ៌បៃតងនេះគឺក្រាលសម្រាប់តែឲ្យម៉ូតូចូលចតកំឡុងពេលឈប់ចាំភ្លើងស្តុបតែប៉ុណ្ណោះ ប្រសិនបើអ្នកបើករថយន្តហ៊ានបើកឆ្លងឬឈប់ជាន់លើគំនូសនេះ នឹងត្រូវទទួលការផាកពិន័យចំនួន៥០០បាត។ កម្រាលពណ៌បៃតងនេះគឺសម្រាប់តែម៉ូតូប៉ុណ្ណោះ ដោយអ្នកជិះម៉ូតូនឹងមិនបាច់ត្រូវជ្រែកចន្លោះឡាន ឬក៏ត្រូវរក្សាគំលាតសម្រាប់ម៉ូតូចូលឈប់ចតដើម្បីរង់ចាំភ្លើងស្តុបនោះទេ។ អ្នកបើកម៉ូតូអាចមានសិទ្ធឡើងមកឈប់នៅគំនូសបៃតងនេះ ដោយរថយន្តត្រូវឈប់ពីខាងក្រោយ ដោយការធ្វើបែបនេះគឺដើម្បីបញ្ចៀសការកកស្ទះរវាងម៉ូតូ និងឡាន ហើយក៏អាចការពារគ្រោះថ្នាក់ៗផ្សេងៗផងដែរ៕

អត្ថបទ៖ មេសា
ប្រភព៖ Thai TV Social