សុខភាព September 8, 2019 Khmernote
វិធីជួយខ្លួនឯង ពេលត្រូវថ្នាំសណ្ដំ ឬថ្នាំសម្រើប

មិន​ថា​ក្នុង​ខ្សែ​ភាពយន្ត ឬ​មាន​ព័ត៌មាន​ដែល​ចុះ​ផ្សាយ​ឡើយ គឺ​សុទ្ធតែ​បាន​បង្ហាញ​ពី​ករណី​​មនុស្ស​ស្រី​មួយ​ចំនួន​ត្រូវ​គេ​បន្លំ​យក​ទ្រព្យ​របស់ និង​រំលោភ​បំពាន​ដោយ​ប្រើ​ល្បិច​កលប្រើ​ថ្នាំ​សណ្ដំ ឬ​ថ្នាំ​សម្រើប។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបាន​ណែនាំ​ស្រី​ៗ​យើង​ពី​វិធី​ជួយ​ខ្លួន​ឯង​មួយ​ចំនួន ដែល​អាច​ការពារ​ខ្លួន​បាន​ខ្លះ​ៗ។ ថ្នាំ​ប្រភេទ​នេះ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​ភាគច្រើន​មាន​ជា​ថ្នាំ​ដូច​ស្ករ​កៅស៊ូ ក្លិន​ដូច​ទឹក​អប់សម្រាប់​ឲ្យ​ហិត និង​ជា​ថ្នាំ​ដាក់​ក្នុង​ទឹក។

១- រោគសញ្ញា

នៅ​ពេល​អ្នក​ត្រឹម​ថ្នាំ​អស់​នោះ អាច​មាន​អាការៈ​ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ហើយ​បើ​គ្មាន​ការ​ជួយ​សង្គ្រោះ​ទាន់​ពេល​ទេ យើង​អាច​នឹង​សន្លប់​ឈឹង​តែ​ម្ដង។

២- វិធី​ជួយ​សង្គ្រោះ​ខ្លួនឯង

ប្រសិនបើ​យើង​​ជួយ​អាការៈ​អស់​ទាំងនោះ ត្រូវ​ស្វែងរក​ជំនួយ​ពី​អ្នក​ដែល​គួរឲ្យ​ទុកចិត្ត​ដូចជា​មិត្តភ័ក្ដិ អ្នក​មាន​សមត្ថកិច្ច ឬ​អាច​ចូល​ទៅ​ក្នុង​បន្ទប់​ទឹក​ខ្ទាស់​ទ្វារ​ឲ្យ​ជាប់ ហើយ​ព្យាយាម​យក​ទឹក​មក​បាចសាច​ពេញមុខ ក្បាល ខ្លួន ឬ​ផឹកទឹក​ឲ្យ​បាន​ច្រើន​បំផុត ព្រោះ​ជាតិ​ទឹក​អាច​បន្សាប​ជាតិ​ថ្នាំ​បាន​ខ្លះ ទោះ​មិន​ទាំង​ស្រុង ក៏​មិន​ធ្វើឲ្យ​យើង​បាត់បង់​ស្មារតី​ដែរ។ ពិសេស​ពេល​ដឹង​ខ្លួន​ថា​ត្រូវ​ថ្នាំ​មាន​អារម្មណ៍​ប្លែក​ៗគួរ​រក​ទឹក​ក្រូចឆ្មារ ឬ​រកអ្វី​ជូរ​ៗ​មក​ញ៉ាំ។

៣- រឿង​គួរ​ចៀសវាង

បើ​នៅ​ក្នុង​ក្លឹបយើង​មិន​គួរ​ទទួល​អ្វី​ញ៉ាំ​ពី​អ្នក​ដទៃ​ទេ មិនថា​អាហារ ឬភេសជ្ជៈ ហើយ​ក៏​មិន​គួរ​ផឹក​ភេសជ្ជៈ​នៅ​សេសសល់​ជាប់​កែវ​ឡើយ ព្រោះ​ជន​ឆ្លៀត​ឱកាស​អាច​បន្លំ​ដាក់​ថ្នាំ​បាន ។ មួយ​វិញ​ទៀត​បើ​មាន​នរណា​ឲ្យ​យើង​ហិត​អ្វី កុំ​ឲ្យ​សោះ ជាតិ​ថ្នាំ​អាច​ជ្រាប​ចូល​តាម​ផ្លូវ​ដង្ហើម​បាន ហើយ​ករណី​ពិសេស​មួយ​ទៀត​កុំ​ផឹក ឬ​ញ៉ាំ​អាហារ​ម្ដង​ទាំងអស់ សាក​បន្តិច​ម្ដង​ៗ ប្រសិនបើ​មួយ​សន្ទុះ​ហើយ​គ្មាន​ភាព​ខុសប្លែក​អ្វី​ក្នុង​ខ្លួន ចាំ​បន្ត​ទៀត។

ក្នុង​ករណី​មាន​សំនួរ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ​ឬ ធ្វើ​ការ​ព្យាបាល​ជូន​ទេ៕

ផ្តល់សិទ្ធិដោយ៖ Helloគ្រូពេទ្យ