សង្គម September 9, 2019 mesa mesa
ដើម្បីកាត់បន្ថយករណីក្មេងលង់ទឹក ស្របពេលគ្រោះទឹកជំនន់កំពុងវាយលុក ខេត្តមួយក្នុងប្រទេសថៃ បើកបង្រៀនថ្នាក់ហែលទឹក ដោយប្រើប្រាស់ប្រឡាយទឹកដែលហូរកាត់ខេត្តជាកន្លែងហ្វឹកហាត់

ថ្មីៗនេះផ្ទុះការចែករំលែកកោតសរសើរពេញបណ្តាញសង្គមថៃក្រោយអភិបាលខេត្តអាងថង ប្រទេសថៃ បានបើកដៃយល់ព្រមឲ្យមន្ត្រីរដ្ឋបាលមើលការខុសត្រូវប្រចាំខេត្ត បើកបង្រៀនថ្នាក់ហែលទឹកដល់កូនក្មេងប្រចាំតំបន់នេះដោយមិនគិតប្រាក់ ដោយយកទីតាំងប្រលាយទឹកមកធ្វើជាទីហ្វឹកហាត់។​ មូលហេតុដែលនាំឲ្យមានការសម្រេចចិត្តធ្វើបែបនេះ ព្រោះដោយសារតែឆ្នាំនេះប្រទសថៃបានជួបគ្រោះទឹកជំនន់ ហើយមានក្មេងៗជាច្រើនបានរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិត ហេតុដូចនេះដើម្បីកាត់បន្ថយករណីបែបនេះលោកអភិបាលខេត្ត ក៏បានសហការគ្នាជាមួយមន្ត្រីរដ្ឋបាលធ្វើការបើកបង្រៀនថ្នាក់ហែលទឹកជាសាធារណៈនេះឡើង។ ឪពុកម្តាយដែលរស់នៅក្នុងខេត្តនេះអាចបញ្ជូនកូនៗឲ្យចូលរួមរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ដោយពុំមានការបង់ប្រាក់អ្វីនោះទេ លើសពីនេះក៏មានអាហារផ្តល់ជូនសម្រាប់អ្នកចូលរួមផងដែរ។

មន្ត្រីរដ្ឋបាលបានរៀបរាប់ឲ្យដឹងថា៖ «ដោយយើងតែងឃើញុមានករណីក្មេងលង់ទឹកស្លាប់ជាញឹកញាប់ ហេតុដូចនេះយើងព្រួយបារម្ភពីសុខទុក្ខក្មេងជាខ្លាំង យើងចង់ឲ្យកូនៗក្មួយៗចៅៗដែលរស់នៅខេត្តអាងថងទាំងអស់ ចេះហែលទឹកដើម្បីត្រៀមការពារខ្លួនគេចផុតពីគ្រោះលង់ទឹក។ ម្យ៉ាងវិញទៀតអាចចាត់ទុកថាជាសំណាងមួយដែលខេត្តអាងថង យើងពុំទាន់មានទឹកជំនន់វាយលុក ហេតុដូចនេះយើងមានពេលគ្រប់គ្រាន់ដើម្បីបំផុសបំផុលចលនាមួយនេះ ដោយសង្ឃឹមថាទទួលបានការគាំទ្រពីខាងឪពុកម្តាយក្មេង។ ថ្នាក់រៀនហែលទឹកនេះគឺធ្វើនៅប្រឡាយ ជុហ្វាមុណី ជារៀងរាល់ថ្ងៃសៅរ៍ អាទិត្យ បើកឲ្យចូលសេរីជាសាធារណៈពុំមានបង់ប្រាក់នោះឡើយ ឪពុកម្តាយក៏អាចចូលរួមលេងទឹក និងរៀនជាមួយកូនៗខ្លួនបានដែរ៕