សង្គម September 9, 2019 mesa mesa
ថ្ពាល់ម៉ែមានក្លិនក្រអូប! ជារៀងរាល់ព្រឹកក្មេងប្រុសរូបនេះតែងតែថើបអ្នកម្តាយចាស់មុនចូលសាលារៀន ដើម្បីបង្ហាញពីក្តីស្រលាញ់

ក្តីស្រលាញ់ដែលអ្នកម្តាយមានចំពោះកូនគឺមិនអាចកាត់ថ្លៃបាននោះឡើយ ព្រោះពួកគាត់តែងចិញ្ចឹមបីបាច់មើលថែ និងព្យាយាមរកអ្វីដែលកូនប្រាថ្នាចង់បានយកមកឲ្យ។​ ការស្រលាញ់របស់គាត់តែងបង្ហាញចេញឲ្យកូនៗបានឃើញ ដោយឡែកការស្រលាញ់របស់កូនៗចំពោះឪពុកម្តាយហាក់ពុំសូវហ៊ានបញ្ចេញប៉ុន្មាននោះទេព្រោះតែភាពខ្មាសអៀន អ្នកខ្លះដល់ថ្នាក់លាក់បាំងព្រោះតែមានឪពុកម្តាយក្រខ្លាចខ្មាសគេ។

ក្មេងប្រុសម្នាក់ឈ្មោះថា អមរិន ម៉ាយឹរ ឬប្អូន អាយស៍ ដែលជាសិស្សអនុវិទ្យាល័យ បានធ្វើឲ្យមហាជនកោតសរសើរ ក្រោយពេលដែលលោកគ្រូរបស់គេបានបង្ហោះឃ្លីបវីដេអូខ្លីពីសកម្មភាពរបស់ក្មេងប្រុសរូបនេះថើបអ្នកម្តាយខ្លួន ពេលដែលគាត់ជូនមកសាលាជារៀងរាល់ព្រឹកដោយពុំមានការខ្មាសអៀនអ្វីទាំងអស់។ ភាពក្លាហាន និងការបញ្ចេញនូវសេចក្តីស្រលាញ់របស់ក្មេងប្រុសរូបនេះហាក់បានធ្វើឲ្យរំជួលចិត្តជាខ្លាំង ជាពិសេសចំពោះអ្នកម្តាយ។ តាមរយៈលោកគ្រូរបស់គេបានឲ្យដឹងថា៖ «ប្អូនអាយស៍ ជាក្មេងកំព្រាឪពុកដែលស្លាប់ចោលគេតាំងពីមិនទាន់ដឹងក្តី រូបគេរស់នៅជាមួយអ្នកម្តាយចាស់ដែលដើរតួជាឪពុកផងម្តាយផង សព្វថ្ងៃប្រកបរបរជាអ្នកម៉ៅការសំណង់ និងលក់បន្លែនៅផ្សារ។ គាត់តែងជូនប្អូនមករៀងរាល់ព្រឹក ហើយប្អូនអាយស៍ជាក្មេងម្នាក់ដែលអាចនិយាយបានថាមកដល់សាលាមុនគេជារៀងរាល់ថ្ងៃ»។

លោកគ្រូបន្ថែមប្អូនអាយស៍ធ្លាប់ត្រូវបានមិត្តភក្តិលេងសើច និងបង្អាប់ជាញឹកញាប់រឿងដែលគេមានម៉ែចាស់ មិនស្អាត ជាកូនគ្មានឪពុកគួរឲ្យខ្មាសគេ? តែគេបែរជាឆ្លើយតបថា៖ «មិនខ្មាសទេ! សប្បាយចិត្តដែលមានអ្នកម៉ែក្បែរខ្ញុំ ចិញ្ចឹមខ្ញុំ ស្រលាញ់ម៉ែខ្លាំង ម៉ែមិនស្អាតក៏ពិតមែន តែម៉ែស្រលាញ់ខ្ញុំខ្លាំងណាស់ ហើយថែមទាំងចិត្តល្អទៀតផង។ មុនពេលចូលរៀនខ្ញុំចង់ថើបម៉ែ ថ្ពាល់ម៉ែមានក្លិនក្រអូប ចង់បង្ហាញឲ្យម៉ែដឹងថាខ្ញុំស្រលាញ់គាត់ខ្លាំង»៕