PR September 10, 2019 Khmernote
ចំណាយត្រឹមតែ៣០សេនក្នុងមួយថ្ងៃ អាចទទួលបានធានារ៉ាប់រងព្យាបាលជំងឺនៅពេទ្យល្បីៗក្រៅប្រទេសបាន

រាជធានីភ្នំពេញ ៖ ដោយមានការសហការរវាងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ និងក្រុមហ៊ុន Further Underwriting International ប័ណ្ណសន្យារ៉ាប់រងសុខភាពមេឌីគ្រីធីខល សាកល ត្រូវបាននាំមកកាន់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា សម្រាប់លក់ជូនប្រជាពលរដ្ឋកម្ពុជា ដែលប័ណ្ណនេះមានតម្លៃប្រមាណតែ៣០សេនប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយវាអាចការពារសុខភាពពលរដ្ឋបានយ៉ាងទូលំទូលាយ ពីព្រោះតែប័ណ្ណនេះអាចការពារសុខភាពដែលមានទឹកប្រាក់រហូតដល់១លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ ។

នៅក្នុងពិធីចុះហត្ថលេខារួមរវាងក្រុមហ៊ុនទាំងពីរ កាលពីថ្ងៃទី០៩ កញ្ញា ២០១៩ នៅការិយាល័យកណ្ដាល ហ្វតតេ លោកយក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា ជាប្រពៃណីរបស់ពលរដ្ឋកម្ពុជាកន្លងមក នៅពេលមានជំងឺម្ដងៗពួកគាត់តែងតែលក់ផ្ទះ លក់គោក្របី និងទ្រព្យសម្បត្តិផ្សេងៗទៀត ដើម្បីព្យាបាលជំងឺ ធ្វើយ៉ាងណាអោយតែជីវិតនៅរស់ ។ ហើយនៅពេលដែលគាត់លក់យកទៅប្រើប្រាស់សម្រាប់ព្យាបាល និងចាយវាយពេលមានជំងឺនោះអស់ទៅ គាត់ក៏ចាប់ផ្ដើមជាថ្មី ជាមួយនឹងបាតដទៃទទេ ។ ឃើញនូវទិដ្ឋភាពបែបនេះ ក្នុងនាមជាអ្នកធ្វើការងារក្នុងវិស័យធានារ៉ាប់រង មិនចង់អោយមានទិដ្ឋភាពបែបនេះ កើតមានឡើងនៅក្នុងស្រុកខ្មែរទៀត ទើបក្រុមហ៊ុនហ្វតតេបានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងក្រៅប្រទេសនាំយកនូវប័ណ្ណសន្យាធានារ៉ាប់រងថ្មី ដែលអាចការពារសុខភាពពលរដ្ឋកម្ពុជាបានយ៉ាងមានប្រសិទ្ធភាព និងអាចទៅព្យាបាលជាមួយមន្ទីរពេទ្យល្បីៗនៅលើពិភពលោកដែលជាដៃគូររបស់ខ្លួន ។

លោកបន្តថា អ្នកទិញប័ណ្ណ ធានារ៉ាប់រងថ្មីរបស់ហ្វតតេ ( Medicritical World Wide ) នឹងមិនចាំបាច់លក់ទ្រព្យគោក្របី ផ្ទះសំបែងដើម្បីព្យាបាលជំងឺទៀតនោះទេ ពួកគាត់ កាន់តែប័ណ្ណ ធានារ៉ាប់រងមួយនេះអាចទៅព្យាបាលនៅបណ្ដាប្រទេសល្បីៗដែលជាដៃគូររបស់ពួកយើង ដោយមិនចាំបាច់ចំណាយប្រាក់នោះឡើយ ។លោកថា៖« ប័ណ្ណធានារ៉ាប់រងនេះ អាចព្យាបាលជំងឺធ្ងន់ៗមួយចំនួនផងដែរ ដូចជាជំងឺមហារីក ជំងឺដាច់សរសៃឈាម ការផ្លាស់ប្តូរសរីរាង្គណាមួយ ដូចជាខួរឆ្អឹងខ្នងជាដើម ដែលជំងឺនេះត្រូវការថ្លៃព្យាបាលខ្ពស់ រាប់ម៉ឺនដុល្លារអាមេរិកឯណោះ ក៏ប៉ុន្តែ ប័ណ្ណធានារ៉ាប់រងនេះអាចធានាបានរហូតដល់១លានដុល្លារអាមេរិក » ។

លោកបន្តទៀតថា សម្រាប់កញ្ចប់សេវាកម្មថ្មីៗនេះ មិនចាំបាច់ទាល់តែអ្នកមានចំណូលខ្ពស់ឬអ្នកមានទើបអាចទិញបានទេ ។ អ្នកដែលមានចំណូលមធ្យម ក៏អាចទិញកញ្ចប់សេវាកម្មនេះបានដែរ ពីព្រោះដូចបានដឹងហើយ បើគិតជាធម្យមតែប្រមាណ៣០សេនប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដូច្នេះយើងគិតថាប្រជាពលរដ្ឋច្រើនអាចមានលទ្ធភាពទិញកញ្ចប់សេវាកម្មនេះ ធានាសុខភាពពួកគាត់បាន ។

លោកបន្ថែមថា តាមរយៈកិច្ចសហការរវាងហ្វតតេ និង Further Underwriting International ពួកយើងរំពឹងថា នឹងអាចជួយពលរដ្ឋកម្ពុជា បានច្រើនបន្ថែមទៀត ពីលើអ្វីដែលក្រុមហ៊ុនហ្វតតេមានសព្វថ្ងៃ ។ លោកថា៖« បច្ចុប្បន្ននេះ ក្នុងវិស័យធានារ៉ាប់រងទាំងមូល ការធានាទៅលើសុខភាព មានចំណែកធំជាងគេ ដែលសព្វថ្ងៃនេះ វាមានចំណែករហូតដល់ជាង៦០ភាគរយឯណោះ » ។

លោកស្រី Judy ប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន Further Underwriting International បានអោយដឹងផងដែរថា នៅក្នុងវិស័យធានារ៉ាប់រងកម្ពុជា បច្ចុប្បន្ន មានការលូតលាស់គួរអោយកត់សម្គាល់ហើយដើម្បីរួមចំណែកដល់ការលូតលាស់នៃវិស័យនេះ ទើបក្រុមហ៊ុន Further បានចូលមកកម្ពុជា ផ្ដល់នូវកញ្ចប់សេវាកម្មធានារ៉ាប់រងដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងការទទួលបាននូវការការពារហិរញ្ញវត្ថុរបស់ខ្លួន ក្នុងពេលមានជំងឺ ។

លោកស្រីបន្តថា ក្រៅពីច្នៃបង្កើតផលិតផលធានារ៉ាប់រងថ្មី Further ក៏មានការផ្ដល់ជូននូវសេវាពាក់ព័ន្ធដទៃទៀត រាប់ចាប់តាំងពីការចំណាយលើថ្លៃព្យាបាល រហូតដល់ការណាត់ជួបជាមួយគ្រូពេទ្យ ការធ្វើដំណើរ និងការស្នាក់នៅថែមទៀត ។ ក្រុមហ៊ុនក៏ផ្ដល់ជូននូវអ្នកបកប្រែ និងសេវាប្រែជូន សម្រាប់ជារបាយការណ៍នៃការព្យាបាល ៕